Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងបៀ ចាប់តាយាយ៦នាក់

បង្ក្រាបល្បែងបៀ ចាប់តាយាយ៦នាក់

ខេត្តបាត់ដំបង ៖ បុរសស្ត្រីវ័យចំណាស់ ចំនួន៦នាក់ បានលួចលាក់សម្ងំលេងល្បែងស៊ីសង (បៀ) ភ្លេចបាយភ្លេចទឹក ទីបំផុតត្រូវសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួន នាំយកមកអប់រំ។

ការចុះបង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិតាគ្រក់  ឃុំត្រែង ស្រុករតនមណ្ឌល។

តាយាយទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរំ រួមមាន ទី១-ឈ្មោះឡាយ សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ មានលំនៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល (ម្ចាស់ទីតាំង)។ ទី២-ឈ្មោះចឹក ស៊ីដេន ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។ ទី៣-ឈ្មោះងួន ចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ មានលំនៅ ភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល។ ទី៤-ឈ្មោះទួន ចាន់ធីម ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅ ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទី៥-ឈ្មោះសួរ លាងហៃ ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ភូមិអូរសួរស្តី សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី៦-ឈ្មោះសូត្រ ទឿ ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាន នគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោក វរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុស ច្បាប់ (បៀ) ១លើក នៅចំណុចភូមិតាគ្រក់  ឃុំត្រែង ស្រុករតនមណ្ឌល ដោយឃាត់ខ្លួនតាយាយ ចំនួន៦នាក់ និងដកហូតវត្ថុតាង រួមមាន បៀ ចំនួន២ហ៊ូ ស្មើនឹង ១០៤សន្លឹក និងកម្រាល ចំនួន២។

ក្រោយនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៦នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូល ដ្ឋានវិញ៕

RELATED ARTICLES