Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ជំរិត ទារលុយ៥ម៉ឺនដុល្លារ ជាប់ខ្នោះ៤

ចាប់ជំរិត ទារលុយ៥ម៉ឺនដុល្លារ ជាប់ខ្នោះ៤

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានចាប់បញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ WANG YONG ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរជាបុគ្គលិក ក្រុមហ៊ុន MENG SHENG ស្នាក់នៅបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ។ ទី២-ឈ្មោះ QIN HUI ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ទី៣-ឈ្មោះ ZHENG YONG ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី៤-ឈ្មោះ CHU ZHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារមួយកន្លែង ក្នុងកោះ ពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ចំណែកជនរងគ្រោះ មានឈ្មោះ WANG JIE ភេទប្រុស អាយ២៩ឆ្នាំ ជាជនជាតិចិន។

តាមប្រភពសមត្ថកិច្ចព្រហ្មទណ្ឌ បានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីចាប់ជំរិតទារប្រាក់មួយ បានកើតឡើងនៅចំណុចខារ៉ាអូខេ NUMBER9 ស្ថិតនៅផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យ ជាជនជាតិចិន ១ក្រុម មានគ្នា៦នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពជិះរថយន្តចំនួន ២គ្រឿង បានចូលទៅក្នុងបរិវេណខារ៉ាអូខេ NUMBER9 ហើយចាប់ខ្លួនដោយប្រើហិង្សាទៅលើជនរងគ្រោះឈ្មោះ WANG JIE ជាជនជាតិចិនដូចគ្នា រុញបញ្ចូលទៅក្នុងរថយន្ត ១គ្រឿង ម៉ាកអាល់ហ្វាត ដែលមានរថយន្តមួយគ្រឿងទៀត ម៉ាកឡង់គ្រីសឺរ បិទគូទពីក្រោយ បើកគេចខ្លួនចេញទៅបាត់ គឺយកជនរងគ្រោះទៅជំរិតទារប្រាក់ជាង ៥ម៉ឺនដុល្លារ។

បន្ទាប់ពីកើតហេតុ មានមិត្តភក្តិជនរងគ្រោះ ដែលនៅស្ថិតទីនោះផ្ទាល់ បានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខ ភ្លាមៗ ស្តីពីករណីចាប់ជំរិតទារប្រាក់នោះ។

ដោយទទួលបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ដែលមានលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិន ទាំង៤នាក់ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះ ជាជនជាតិចិន ដូចគ្នា។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ដែលសំណុំរឿងនេះស្ថិតនៅដៃលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ៕

RELATED ARTICLES