Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ...៣...ប៉ែល ខឹងតាមិនដោះមួកឱ្យមើលមុខ

វ៉ៃ…៣…ប៉ែល ខឹងតាមិនដោះមួកឱ្យមើលមុខ

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ ជាអ្នកដើរទិញអេតចាយម្នាក់ ត្រូវបានបុរសកំណាចឃោរឃៅម្នាក់ វាយនឹងប៉ែលជីកដី ចំនួន៣ប៉ែល បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជនដៃដល់ខឹងនឹងតាជនរងគ្រោះ មិនព្រមដោះមួកចេញ ដើម្បីឱ្យខ្លួនបានមើលមុខ។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវលេខ 129B ស្ថិតក្នុងភូមិអន្លង់ទៀន ឃុំបុរីជលសា ស្រុកបុរីជលសា។ រហូតមកដល់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ នាំយកមកចាត់ការតាមច្បាប់។

ជនដៃដល់ដែលវាយបុរសចំណាស់ ចំនួន៣ប៉ែល និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆេម រ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអន្លង់ទៀន ឃុំបុរីជលសា ស្រុកបុរីជលសា។ ចំណែកជនរង គ្រោះ មានឈ្មោះសាំង អូន ភេទប្រុស អាយុ៧៥ឆ្នាំ មុខបររដើរទិញអេតចាយ មានលំនៅ ភូមិអង្គក្រូច ឃុំបុរីជលសាស្រុក បុរីជលសា (រងរបួសធ្ងន់៣កន្លែង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ 129B ស្ថិតនៅភូមិអន្លង់ទៀន ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់មួយករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះឆេម រ៉ន បានយកប៉ែលជីកដី វាយទៅលើជនរងគ្រោះឈ្មោះសាំង អូន ជាអ្នកដើរទិញអេតចាយ បណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង ១កន្លែង ត្រូវកញ្ចឹងកខាងឆ្វេង ១កន្លែង និងត្រូវលើចិញ្ចើមខាងស្តាំ ១កន្លែង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប៉ែលជីកដី វាយទៅលើបុរសចំណាស់ជាអ្នកទិញអេតចាយប្រាកដមែន។ មូលហេតុដោយសារតែខឹងជនរងគ្រោះ មិនព្រមដោះមួក ឱ្យខ្លួនមើលមុខ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES