Monday, May 20, 2024
Homeសង្គម និងជីវិតឪពិការឈឺ កូនប្រុសគបាត់ខ្លួន ម៉ែកាន់រូបថតដើររក

ឪពិការឈឺ កូនប្រុសគបាត់ខ្លួន ម៉ែកាន់រូបថតដើររក

ខេត្តកំពត ៖ បុរសគម្នាក់ បានចេញទៅធ្វើការសំណង់ រកប្រាក់ចិញ្ចឹមឪពុកម្តាយជរា ខណៈដែលឪពុកបានធ្លាក់ខ្លួនពិការ ឈឺដេកកន្ទេល អស់រយៈពេល ៣ឆ្នាំមកហើយ លុះក្រោយមក ស្រាប់តែកូនប្រុស បានបាត់ខ្លួនសូន្យឈឹង ធ្វើឱ្យស្ត្រីជាម្តាយភ័យព្រួយ កាន់រូបថតកូនប្រុស ដើរតាមស្វែងរកសព្វកន្លែង នៅតែមិនទាន់ទទួលបានតម្រុយបន្តិចណាសោះ។

បុរសដែលបាត់ខ្លួន មានឈ្មោះហេង ឆាយ អាយុ៣៥ឆ្នាំ ជាមនុស្សគ មុខរបរជាកម្មករសំណង់ មានលំនៅក្នុងភូមិខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច មានឪពុកឈ្មោះហេង វឿន អាយុ៦៦ឆ្នាំ (ពិការជើងរយៈពេល៣ឆ្នាំ ដេកនៅតែលើកន្ទេល) ម្តាយឈ្មោះ តី ខុម អាយុ៧២ឆ្នាំ។ បុរសខាងលើបានបាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ រហូតមកទល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះតី ខុម ត្រូវជាម្តាយរបស់បុរសគដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ គឺជាមនុស្សគពីកំណើត បានបាត់ខ្លួនដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤។ មុនពេលកើតហេតុ កូនប្រុសគាត់ បានចេញទៅធ្វើការងារសំណង់ ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្តាយដូចសព្វដង ដោយប្តីគាត់ពិការជើង ដោយសារជំងឺលើសឈាម ដេកដួលលើកន្ទេល រយៈពេល៣ឆ្នាំមកហើយ ចំណែកគាត់ជាម្តាយ ក៏ជរា គ្មានកម្លាំងកំហែងដើរស៊ីឈ្នួលជួលព័ទ្ធ រកប្រាក់ចិញ្ចឹមជីវិតដែរ សព្វថ្ងៃពឹងតែលើកម្លាំងកូនប្រុសគ ធ្វើការសំណង់ ចិញ្ចឹមឪពុកម្តាយតែប៉ុណ្ណោះ ប៉ុន្តែឥឡូវកូនបាត់ខ្លួនទៀត មិនដឹងជាទៅកន្លែងណា។

ស្ត្រីចំណាស់ជាម្តាយរូបនេះ បានបញ្ជាក់ថា ក្រោយពេលបាត់កូនប្រុសគនេះមក គាត់ជាម្តាយ បានដើរស្វែងរកគ្រប់ច្រកល្ហក ប៉ុន្មានថ្ងៃមកហើយ តែគ្មានដំណឹងអ្វីទាំងអស់ ទើបគាត់សម្រេចកាន់រូបថតកូនប្រុសដើររក ក្រែងមានអ្នកបានឃើញនិងស្គាល់។

ស្ត្រីជាម្តាយខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញកូនប្រុសរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងឱ្យគាត់ផង៕

RELATED ARTICLES