Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធរវល់ឈ្លោះគ្នា ចោរលួចម៉ូតូបាត់

ប្តីប្រពន្ធរវល់ឈ្លោះគ្នា ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាត្រឡប់មកពីកម្មវិធីជប់លៀង កើតមានជម្លោះនឹងគ្នាតាមផ្លូវ រហូតដល់ផ្លូវចូលផ្ទះ ឈប់ម៉ូតូចោល ដោយមិនបានដកសោចេញ រួចបន្តឈ្លោះ ភ្លេចខ្លួន ស្រាប់តែមានជនសង្ស័យម្នាក់ ឃើញឱកាសល្អ ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ ធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរបានត្រឹមឱបគ្នា ស្តាយកំហុសរៀងខ្លួន ធ្វើឲ្យរបស់ទ្រព្យបាត់បង់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលផ្ទះជួលជនរងគ្រោះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ មុខផ្សារទំនប់ថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

តាមប្រភពជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកខ្លួន២នាក់ប្តីប្រពន្ធ ទើបនឹងត្រឡប់មកពីចូលរួមពិធីជប់លៀងនៅផ្ទះប្អូន រួចកើតមានទំនាស់ពាក្យសម្តីនឹងគ្នានៅលើម៉ូតូ តាមផ្លូវរហូតមក។ លុះពេលដឹកគ្នាមកដល់ត្រង់ចំណុចផ្លូវចូលផ្ទះ ពួកខ្លួនមិនទាន់បានចូលផ្ទះនោះ គឺបានឈប់ម៉ូតូនៅច្រកចូល រួចបន្តឈ្លោះប្រកែកគ្នា ដោយភ្លេចដកសោចេញពីម៉ូតូទៀតផង។

ជនរងគ្រោះ បានបន្តថា លុះឆ្លៀតពេលដែលពួកខ្លួន ២នាក់ប្តីប្រពន្ធ កំពុងទាស់សម្តីគ្នា ស្រាប់តែមានជន សង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានលបឡើងជិះម៉ូតូរបស់គាត់ រួចបើកចេញទៅបាត់ដោយសុវត្ថិភាព ទោះពួកគាត់ចង់តាម ក៏តាមមិនទាន់ដែរ បានត្រឹមស្រែកយំ ហៅបងប្អូនប្រជាពលរដ្ឋឱ្យជួយទំនាក់ទាំងហៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងបានឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ លែងឈ្លោះប្រកែកគ្នា បែរជាឱបគ្នាយំ នឹកស្តាយស្រណោះរបស់ទ្រព្យដែលបាត់ទៅ។ បន្ទាប់មក សមត្ថកិច្ចបាននាំជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីដាក់ពាក្យបណ្តឹង៕

RELATED ARTICLES