Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបហាងបញ្ចាំ២ ដកហូតម៉ូតូ៥០០គ្រឿង ឃាត់ខ្លួន៧នាក់

 បង្ក្រាបហាងបញ្ចាំ២ ដកហូតម៉ូតូ៥០០គ្រឿង ឃាត់ខ្លួន៧នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធហាងទទួលបញ្ចាំ ចំនួន២ទីតាំង នៅតំបន់ឃ្លាំងរំសេវ ដោយឃាត់ខ្លួនមនុស្សចំនួន៧នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវ ប្រមាណជាង៥០០គ្រឿង និងស្លាកលេខម៉ូតូ ជាង ៦០បន្ទះ។

ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចទីតាំងឃ្លាំងលេខ៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២ និងទីតាំងមួយទៀត ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រ សួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ចុះបង្ក្រាបទីតាំងទទួលបញ្ចាំ ចំនួន២ទីតាំង ដោយឃាត់ខ្លួនមនុស្ស ចំនួន៧នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវ ជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូ ជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្តតាមនីតិវិធី។

ប្រភពដដែល បន្តថា កាលពីប៉ុន្មានថ្ងៃមុន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ សហ ការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលខ្លួនកាប់ប្លន់បាន យកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្តុំឃ្លាំងរំសេវ។

ក្រោយមក កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះ យកមកបញ្ចាំ ចំនួន២ទីតាំងខាងលើ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ ទីតាំងទី១ ដែលស្ថិតនៅទីតាំងឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ ចំនួន៩២គ្រឿង ក្នុងនោះមានឯកសារត្រឹមត្រូវ ចំនួន៨គ្រឿង និងគ្មានឯកសារ ចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០២ ក្បែរសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូ ជាង៤០០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃ្លុំបេទីតាំងទទួលបញ្ចាំនោះសិន រង់ចាំអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES