Monday, May 6, 2024
Homeសង្គម និងជីវិតមេឃក្តៅហួតហែង ពលរដ្ឋ២ភូមិ ខ្វះទឹកប្រើប្រាស់ 

មេឃក្តៅហួតហែង ពលរដ្ឋ២ភូមិ ខ្វះទឹកប្រើប្រាស់ 

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ចំនួនជាង៥០០នាក់ ស្មើនឹង១២៥គ្រួសារ រស់នៅក្នុងភូមិចំនួន២ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានជួបប្រទះនូវបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ ខណៈដែលអាកាសធាតុកើនកម្តៅ ក្តៅហួតហែង។

ប្រជាពលរដ្ឋចំនួន២ភូមិ ដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់ រួមមាន ទី១-ភូមិសាមគ្គី និងទី២ភូមិជាំ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 យោងតាមរបាយការរបស់អាជ្ញាធរមូលដ្ឋានស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា ជាការដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំង សមត្ថកិច្ចទាំង៣ ក្នុងនោះមានលោកមេឃុំ មេភូមិ បានចុះជួយអន្តរាគមន៍ចែកទឹកដល់លំនៅឋានប្រជាពលរដ្ឋផ្ទាល់តែម្តង ដោយបូមដាក់ប៊ីដុង  ពាងទឹក ធុង និងដាក់បាសាំងតូចៗ ហើយមួយផ្នែកទៀត ប្រជាពលរដ្ឋមានគោយន្តកន្ត្រៃ ដាក់ធុង នៅរង់ចាំទទួលទឹកតែម្តង ខណៈដែលទឹកស្រះនៅតាមសហគមន៍ រីងស្ងួត អណ្តូងស្នប់ សប់ លែងចេញទឹក។

គួររំលឹកថា ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតទឹក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មានចំនួន៨៩គ្រួ សារ សរុបចំនួន ៤១៥នាក់ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង  ហើយក្នុងនោះរដ្ឋបាលស្រុក បានបន្តចុះចែកទឹកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ អស់ទឹកចំនួន ៣ឡាន  ស្មើនឹង ២១០០០លីត្រ។ ដោយឡែកនៅថ្ងៃដដែលនោះ រដ្ឋបាលស្រុក បានបន្តចុះចែកទឹកជូនប្រជាពលរដ្ឋ នៅភូមិជាំ ចំណុចអូរថ្ម សម្រាប់យកទៅប្រើប្រាស់ក្នុងអំឡុងខ្វះខាតខ្លាំងទាំង២ភូមិ គឺភូមិសាមគ្គី និងភូមិជាំ មានចំនួនកើនឡើងរហូតដល់ ១២៥គ្រួសារ ស្មើនឹង ៥៦៥នាក់ ដោយប្រើប្រាស់ឡានទឹក អស់ចំនួន ៨ឡាន ស្មើនឹង ៥៣៥០០លីត្រ។

យោងតាមការបញ្ជាក់ពីលោកសេក ទៀង ស្មៀនឃុំត្រពាំងប្រីយ៍ បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកខ្លាំង សម្រាប់ប្រើប្រាស់ ស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៏ ទី១-ភូមិសាមគ្គី និងទី២-ភូមិជាំ កន្លងមកក៏ពុំទាន់មានទឹកស្អាតប្រើប្រាស់ ហើយប្រជាពលរដ្ឋប្រើប្រាស់ទឹករៀងរាល់ឆ្នាំ គឺប្រើតែទឹកស្រះសហគមន៍ ដែលបានជីកប្រើរួមគ្នា។ ចំណែកអ្នកខ្លះទៀត មានលទ្ធភាពបុកអណ្តូងស្នប់តាមផ្ទះផ្ទាល់ខ្លួន។ ម៉្យាងចំពោះការខ្វះខាត ទឹកប្រើប្រាស់ ទើបប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយសារមូលហេតុអាកាសធាតុក្តៅខ្លាំង រីងស្ងួតទឹកអស់គ្រប់កន្លែង ហើយមេឃក៏ពុំទាន់ធ្លាក់ភ្លៀងកក់ខែដែរ គិតមកទល់ពេលនេះ៕

RELATED ARTICLES