ខេត្តប៉ៃលិន ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលពិការដៃជើង ព្រមទាំងងងឹតភ្នែកផង បានអង្គុយសុំទាននៅក្នុងផ្សារព្រំ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈដែលមានកូនចៅដែរ តែកូនបោះបង់ចោល មិនអើពើ ទើបចៅនាំមកឲ្យសុំទាន។
លោកយាយ អ៊ុន ឡាន អាយុ៨៨ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តកំពង់ឆ្នាំង បានរៀបរាប់ទាំងអួលដើមកប្រាប់ថា គាត់បានចូលមកក្នុងខេត្តប៉ៃលិន តាមរយៈចៅស្រីម្នាក់ ដែលមកស៊ីឈ្នួលលក់ផ្លែឈើឱ្យគេ នៅក្នុងផ្សារព្រំ ដោយលោកយាយបានសុំព្រះសង្ឃ ស្នាក់នៅក្នុងវត្ត ជារៀងរាល់យប់ ហើយអង្គុយសុំទានគេ អស់រយៈពេលជាង ១ឆ្នាំមកហើយ។
លោកយាយ អ៊ុន ឡាន បន្តថា កាលពីមុន លោកយាយអាចដើរបាន ប៉ុន្តែដោយសារបញ្ហាជំងឺលើសឈាម ទើបប្រែទៅជាខ្វិនដៃខ្វិនជើង ដើរលែងរួច ហើយក៏គ្មានអ្នកចិញ្ចឹមដែរ ខណៈដែលគាត់មានកូនចំនួន២នាក់ កូនប្រុសម្នាក់ រស់នៅខេត្តព្រះវិហារ ដោយគេមានកូនក្រមុំកំលោះអស់ហើយ តែមិនដែលមកលេងឬសួរសុខទុក្ខគាត់ជាម្តាយនោះទេ។ រីឯកូនស្រីម្នាក់ទៀត រស់នៅក្នុងខេត្តបាត់ដំបង ជាស្ត្រីមេម៉ាយ ក៏មិនធ្លាប់ធ្វើដំណើរមកលេងគាត់ជាម្តាយដែរ។
លោកយាយ បានបញ្ជាក់ថា គាត់អង្គុយសុំទាននៅក្នុងផ្សារនេះ ក្នុង១ថ្ងៃ បានប្រាក់១ម៉ឺន ទៅ២ម៉ឺនរៀល ដើម្បីទិញអាហារទទួលទាន លុះដល់ពេលល្ងាច ទើបចៅមកដឹកយកទៅកន្លែងស្នាក់នៅ ក្នុងបរិវេណវត្តផ្សារព្រំ វិញ។ រាល់ថ្ងៃ លោកយាយស្នាក់នៅតែម្នាក់ឯង ពិតជា លំបាកខ្លាំង ដោយសារតែខ្លួនកាន់តែចាស់ ហើយងងឹតភ្នែកថែមទៀត ដោយចៅស្រីជួលបន្ទប់ផ្ទះគេស្នាក់នៅក្បែរផ្សារ ដើម្បីងាយស្រួលងើបពីយប់ ទៅលក់ផ្លែឈើឱ្យគេ បានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង ហើយក៏តែងតែដាំបាយ និងធ្វើម្ហូបអាហារ យកទៅជូនលោកយាយពិសាជាញឹកញាប់ដែរ។ ចំពោះការអង្គុយសុំទាននៅក្នុងផ្សារនេះ មិនមានការហាមឃាត់ពីអាជ្ញាធរមូល ដ្ឋាន ឬដេញពីម្ចាស់ផ្សារនោះទេ ខណៈដែលគាត់មានសភាពងងឹតភ្នែក មើលអ្វីមិនឃើញច្បាស់ឡើយ ដោយស្តាប់ឮតែសំឡេងប៉ុណ្ណោះ៕