Monday, May 6, 2024
Homeសង្គម និងជីវិតប្រពន្ធពោះធំ ប្តីសុំទៅកូរ៉េ ឡើងយន្តហោះភ្លាម ដោះដៃភ្លែត

ប្រពន្ធពោះធំ ប្តីសុំទៅកូរ៉េ ឡើងយន្តហោះភ្លាម ដោះដៃភ្លែត

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បានទាក់ទងស្នេហាជាមួយបុរសពោះម៉ាយម្នាក់ រហូតបានរៀបការ រួមរស់ជាមួយគ្នា មានផ្ទៃពោះធំប៉ុនកញ្ជើ ប្តីបានសុំចេញទៅធ្វើការនៅប្រទេសកូរ៉េ ដើម្បីរកលុយឱ្យប្រពន្ធសម្រាលកូន ទើបប្រ ពន្ធប្រឹងរកលុយឱ្យប្តីរៀនភាសាកូរ៉េ ដើម្បីចេញទៅប្រទេសកូរ៉េ បានដូចបំណង ស្រាប់តែពេលជូនប្តីឡើងយន្ត ហោះភ្លាម ប្តីដោះដៃចោលប្រពន្ធភ្លែត ដោយប្លុកឆាត ហ្វេសប៊ុក តេឡេក្រាម និងលេខទូរស័ព្ទប្រពន្ធចោលអស់ ធ្វើឱ្យប្រពន្ធមិនអាចទាក់ទងទៅប្តីបាន រស់រងទឹកភ្នែក ខណ:ជិតដល់ថ្ងៃសម្រាលកូន គ្មានលុយ គ្មានប្តីនៅក្បែរ។

ស្ត្រីអភ័ព្វដែលប្តីដោះដៃផ្តាច់ទំនាក់ទំនងនោះ មានឈ្មោះឡន សុខុម អាយុជាង៣០ឆ្នាំ មុខរបលក់ខោអាវនៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានលំនៅ ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកបុរសជាប្តី មានឈ្មោះឆុំ ឆវណ្ណ អាយុជាង៣០ឆ្នាំ សព្វថ្ងៃកំពុងធ្វើការជាពលករនៅប្រទេសកូរ៉េខាងត្បូង។

អ្នកស្រី ឡន សុខុម បានឲ្យដឹងថា គាត់ធ្លាប់មានប្តីម្តងរួចមកហើយ តែក្រោយមក ដោយសារ តែរួមរស់មិនចុះសម្រុងគ្នា ក៏លែងលះ ហើយគាត់រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយ បានមួយរយៈ ក៏បានជួបនឹងបុរសម្នាក់ ឈ្មោះឆុំ ឆវណ្ណ ជាពោះម៉ាយដូចគ្នា រួចក៏បានចាប់ដៃគ្នាសាងគ្រួសារ រួមរស់ជាមួយគ្នា រហូតដល់មានផ្ទៃពោះកូនក្នុងផ្ទៃម្នាក់ ជិតដល់ថ្ងៃសម្រាលទៅហើយ។

ស្ត្រីអភ័ព្វស្នេហ៍ បានរៀបរាប់បន្តថា ដំបូងឡើយ កាលពីអំឡុងខែមេសា ឆ្នាំ២០២០ ក្នុងគ្រាដែលគាត់រស់នៅជាស្ត្រីមេម៉ាយ ក៏បានជួបស្គាល់បុរសឈ្មោះឆុំ ឆវណ្ណ តាមរយៈក្មួយស្រីរបស់បុរសឆុំ ឆវណ្ណ ខ្ចីទូរស័ព្ទរបស់គាត់ ទាក់ទងទៅពូរបស់នាង បន្ទាប់មកក៏ទាក់ទងគ្នាចុះឡើង បង្កើតជាសេចក្តីស្នេហា រហូតចាប់ដៃគ្នារួមរស់ជាប្តីប្រពន្ធ គិតមកដល់សព្វថ្ងៃមាន រយៈពេល៣ឆ្នាំមកហើយ និងកំពុងពពោះកូនក្នុងផ្ទៃម្នាក់។ លុះដោយសារតែជីវភាពគ្រួសារមានស្ថានភាពលំបាកខ្លាំងពេក ណាមួយគាត់ក៏មានផ្ទៃពោះផង ទើបប្តីរបស់គាត់ បានសុំគាត់ចេញទៅធ្វើការនៅប្រទេសកូរ៉េ ដើម្បីសន្សំលុយ ផ្ញើឱ្យគាត់សម្រាលកូន និងដើម្បីអនាគតគ្រួសារ។  ចំណែកគាត់ក៏មិនយល់ទាស់អ្វីដែរ ដោយថែមទាំងប្រឹងរកស៊ីលក់ដូរខោអាវក្រោមឆត្រ ដើម្បីរកលុយឱ្យប្តីរៀនភាសាកូរ៉េ និងរកប្រាក់ឱ្យប្តីធ្វើសោហ៊ុយចេញទៅធ្វើការនៅប្រទេសកូរ៉េ បានដូចបំណងទៀតផង។

ស្ត្រីខាងលើ បានបញ្ជាក់ថា លុះដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ប្តីត្រូវចេញដំណើរទៅប្រទេសកូរ៉េ គាត់ជាប្រពន្ធ បានជិះម៉ូតូកញ្ចាស់ ១គ្រឿង ដឹកប្តីទៅព្រលានយន្តហោះពោធិ៍ចិនតុង ដោយនឹកសង្ឃឹមថា ប្តីចេញទៅដល់កូរ៉េ ធ្វើការបានប្រាក់ ផ្ញើមកឱ្យខ្លួនទុកសម្រាលកូន និងចិញ្ចឹមគ្រួសារ តែផ្ទុយស្រឡះ គ្រាន់តែឡើងយន្ត ហោះ ហើរចេញទៅភ្លាម គាត់ត្រឡប់មកដល់ផ្ទះ ទាញទូរស័ព្ទបើកមើល បំណងឆាតសួរសុខទុក្ខប្តី ស្រាប់តែត្រូវប្តីប្លុកចោល តាំងពីហ្វេសប៊ុក ឆាត តេឡេក្រាម ដោយមិនដឹងមូលហេតុ ហើយសូម្បីតែរូបភាពផ្អែមល្ហែមដែលប្តីធ្លាប់ផុសនៅលើហ្វេសប៊ុក ក៏ប្តីលុបចោលអស់។

អ្នកស្រី ឡន សុខុម បន្តទៀតថា រហូតមកដល់ពេលនេះ ប្តីគាត់បានចេញទៅប្រទេសកូរ៉េ ជាង៦ខែទៅហើយ មិនដែលទូរស័ព្ទ ឆាតមកសួរសុខទុក្ខ ឬផ្ញើលុយមួយរៀល មកឱ្យគាត់ជាប្រពន្ធ ដើម្បីទុកសម្រាលកូននោះឡើយ ទាំងដែលកូនក្នុងផ្ទៃជិតគ្រប់ខែ សម្រាលទៅ ហើយ ។ ចំណែកបងប្អូន សាច់ញាតិខាងប្តី ក៏មិនអើពើជាមួយរូបគាត់ដែរ ធ្វើឱ្យគាត់រស់រងទឹកភ្នែក ខកចិត្ត ព្រោះមិននឹកស្មានថា ប្តីធ្លាប់រស់នៅកម្សត់កម្រនឹងគ្នា ហើយគាត់ជាប្រពន្ធខំរកលុយបំពេញបំណងប្តី បានទៅកូរ៉េ ទីបំផុតបែរជាប្តីដល់ត្រើយសើយគូទ បោះបង់ចោលគាត់ជាប្រពន្ធបែបនេះសោះ។

ជុំវិញរឿងខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តី ឈ្មោះឆុំ ឆវណ្ណ បានទេ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES