Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងរំខានញ៉ែស្រី វ៉ៃ...ប៉ោ...ងភ្នែក

ខឹងរំខានញ៉ែស្រី វ៉ៃ…ប៉ោ…ងភ្នែក

ភ្នំពេញ ៖ ក្មេងស្ទាវ ១ក្រុម បាននាំគ្នាទៅពពាក់ពពូនញ៉ែស្រីនៅពីមុខកន្លែងលក់ដូរ ១កន្លែង ដែលប្តីប្រពន្ធជាអ្នកលក់ដូរ កំពុងចូលសម្រាក លុះធ្វើឱ្យរំខាន ទើបប្តីប្រពន្ធអ្នកទាំងពីរ បានចេញមកប្រាប់ក្រុមក្មេងស្ទាវថា “បើចង់ញ៉ែគ្នា ទៅញ៉ែកន្លែងផ្សេងទៅ ព្រោះកន្លែងនេះ ត្រូវការដេកពួន” ជាហេតុធ្វើឱ្យក្រុមក្មេងស្ទាវខឹងសម្បា ក៏ព្រួតគ្នាវាយប្តីប្រពន្ធទាំង២នាក់ បណ្តាលឱ្យស្ត្រីជាប្រពន្ធរបួសប៉ោងភ្នែក ចំណែកប្តីរបួសស្រាល រួចនាំគ្នារត់គេច ខ្លួនបាត់អស់ នៅសល់តែជនបង្កហេតុម្នាក់ រត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ ឈ្មោះរុន ស្រីពៅ អាយុ៤០ឆ្នាំ មុខរបរលក់ដូរនៅជិតធនាគារកាណាឌីយ៉ា ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិសម្បូរមាស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកប្តី ឈ្មោះសួន សារ៉េត អាយុ៣៩ឆ្នាំ មុខរបរលក់ដូរជាមួយប្រពន្ធ។ ដោយឡែកជនបង្កហេតុដែលត្រូវបានឃាត់ខ្លួន មានឈ្មោះធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តរតនគិរី។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានសម្រាកពីលក់ដូរ ក៏នាំគ្នាចូលដេក ដើម្បីយកកម្លាំងធ្វើការលក់ដូរបន្តនៅថ្ងៃស្អែកទៀត។ លុះបន្តិចក្រោយមក មានក្មេងស្ទាវមួយក្រុម មានគ្នា៦នាក់ បានទាក់ទងញ៉ែស្រីនៅមុខតូបរបស់ពួកគាត់ ធ្វើឱ្យរំខានដល់ការដេកពួនរបស់ពួកគាត់។ ពេលនោះ ប្តីរបស់គាត់ បានចេញទៅប្រាប់ក្រុមជនសង្ស័យទាំងនោះថា “បើចង់ទាក់ទងញ៉ែគ្នា ទៅញ៉ែកន្លែងផ្សេងទៅ ព្រោះកន្លែងនេះ ពួកគាត់ត្រូវការដេកពួន”។ គ្រាន់តែប្រាប់ប៉ុណ្ណឹងសោះ ខាងជនសង្ស័យទាំងនោះខឹងសម្បាយ៉ាងខ្លាំង ក៏បានជជែកទាក់ ពាក្យសម្តីគ្នា រហូតឈានដល់ប្រើអំពើហិង្សា ដោយខាងជនបង្កហេតុ នាំគ្នាព្រួតវាយប្តីរបស់គាត់ ទើបគាត់ឃើញដូច្នេះ ក៏ចេញទៅឃាត់ ស្រាប់តែត្រូវបានជនដៃដល់វាយចំភ្នែករបស់គាត់ ១ដៃ បណ្តាលឱ្យប៉ោងខៀវភ្នែកម្ខាងតែម្តង ចំណែកប្តី របួសស្រាល។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់បានម្នាក់ភ្លាមៗ ចំណែកបក្ខពួក ៥នាក់ទៀត នាំគ្នារត់គេចខ្លួនអស់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនសង្ស័យខាងលើ ទៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES