Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបគ្រឿងញៀន១៦កញ្ចប់  វ៉ៃខ្នោះ៦នាក់

 បង្ក្រាបគ្រឿងញៀន១៦កញ្ចប់  វ៉ៃខ្នោះ៦នាក់

ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញារក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់មានសារធាតុញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញបើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៦នាក់ (ស្រី១) ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន១៦កញ្ចប់ និងថ្នាំញៀនគ្រាប់ ១៥០គ្រាប់។ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហៃ ហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប  មានសារធាតុញៀនក្នុងខ្លួន (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់)។ ទី២-ឈ្មោះ សន កេសរ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មានសារធាតុញៀនក្នុងខ្លួន (សមគំនិតជួញដូរ និងប្រើប្រាស់)។ ទី៣-ឈ្មោះកែវ វ៉ិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មានសារធាតុញៀនក្នុងខ្លួន (រក្សាទុក ជួញដូរ និងប្រើប្រាស់)។ ទី៤-ឈ្មោះភាវ ថាណ្ណន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានសារធាតុញៀនក្នុងខ្លួន (ចាត់ចែងនិងប្រើប្រាស់)។ ទី៥-ឈ្មោះធី ផល្លីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រកបន្ទាយស្រី មានសារធាតុញៀន ក្នុងខ្លួន (ចាត់ចែងនិងប្រើប្រាស់) និងទី៦-ឈ្មោះសេង ឡង់ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង មានសារធាតុញៀនក្នុងខ្លួន (រក្សាទុក ជួញដូរ សម្រួលចាត់ចែងនិងប្រើប្រាស់)។

លោកវរសេនីយ៍ឯកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រើប្រាស់វិធានការជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យ និងបក្ខពួក ជាបន្តបន្ទាប់ ចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៦កញ្ចប់ (១០កញ្ចប់ធំ និង៦កញ្ចប់តូច)។ ថ្នាំញៀនគ្រាប់ពណ៌ក្រហម ប្រភេទ WY ចំនួន១៥០គ្រាប់។ ថង់កិបមាត់ សម្រាប់វេចខ្ចប់ ចំនួន១៧៦ថង់។ ឧបករណ៍ជក់ មួយចំនួន។ ទូរស័ព្ទដៃ ចំនួន១២គ្រឿង និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន៥គ្រឿង។

ក្រុមជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES