Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងស្តុកឈើ មានម៉ាស៊ីនច្រៀក

បង្ក្រាបទីតាំងស្តុកឈើ មានម៉ាស៊ីនច្រៀក

ខេត្តឧត្តរមានជ័យ ៖ ទីតាំងស្តុកឈើ ១កន្លែង បានលួចលាក់ដាក់ម៉ាស៊ីនរ៉ៃ ច្រៀកឈើ ដោយគ្មានលិខិត អនុញ្ញាត ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតសម្ភារៈ ម៉ាស៊ីនរ៉ៃ និងប្រភេទឈើចម្រុះជាច្រើនដុំ បញ្ជូនទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

លោកស៊ុ ស៊ីថា នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ថា ទីតាំងស្តុកឈើ មានម៉ាស៊ីនច្រៀកឈើ ខាងលើ មានម្ចាស់ឈ្មោះគូដា ដែលគេស្គាល់ជាមន្ត្រីយោធា នៅកងពលតូចថ្មើរជើង លេខ៤១ ហើយជាក់ស្តែងទីតាំងខាងលើនេះ ពុំមានច្បាប់អនុញ្ញាតប្រាកដមែន ព្រមទាំងស្តុកឈើចម្រុះជាច្រើនដុំ។

លោកនាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានអះអាងថា បន្ទាប់ពីទទួលព័ត៌មានរាយការណ៍ពីអ្នក សារព័ត៌មាន ថាមានការលួចដាក់ម៉ាស៊ីនរ៉ៃ ច្រៀកឈើអត់ច្បាប់ ភ្លាមៗនោះ លោកសហការជាមួយកម្លាំងកងរាជ អាវុធហត្ថ បានចុះធ្វើការត្រួតពិនិត្យនិងដកហូតឈើចម្រុះ ជាច្រើនដុំ និងម៉ាស៊ីនច្រៀកឈើនោះតែម្តង។ ឈើដែលដកហូតបាននោះមន្ត្រីជំនាញ ពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែដឹងថា មានឈើប្រភេទដូចជា សុក្រំ ផ្ចឹក ជាដើម ។

គួរបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញមេព្រៃ និងកម្លាំងអាវុធហត្ថចុះពិនិត្យ ទីតាំងស្ថិតនៅភូមិឃុំខាងលើ ឃើញថាការដាក់ម៉ាស៊ីនច្រៀកឈើ ពិតជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងស្តុកឈើដោយខុសច្បាប់ប្រាកដ មែន។ ខណៈនោះ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថ និងមេព្រៃ បានធ្វើការដកហូតយកមករក្សាទុក ឈើចម្រុះជាច្រើនដុំ។

សូមជម្រាបថា បច្ចុប្បន្នម្ចាស់សិប្បកម្មខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ចំណែកឈើចម្រុះជាច្រើនដុំ ព្រមទាំងម៉ាស៊ីនរ៉ៃ ច្រៀកឈើ ប្រភេទខ្នាតយក្ស ត្រូវបានកម្លាំងអាវុធហត្ថ និងជំនាញមេព្រៃ ដកហូតយកមករក្សាទុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការផាកពិន័យអន្តរការណ៍ ទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES