Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបករណីប្រើអាវុធ ធ្លាយគ្រឿងញៀន ១២០គីឡូ

បង្ក្រាបករណីប្រើអាវុធ ធ្លាយគ្រឿងញៀន ១២០គីឡូ

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់អាវុធខុស ច្បាប់ លុះក្រោយពីនាំខ្លួនយកមកសាកសួរតាមជំនាញ ស្រាប់តែបែកធ្លាយដល់ករណីគ្រឿងញៀន និងឈានដល់ការបង្ក្រាប ដកហូតបានថ្នាំញៀន សរុប១២០គីឡូក្រាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជាពីលោកឧត្តម សេនីយ៍ទោ អូត ស៊ីវុត្ថា និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងនគរបាលទទួលផែន បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់ នៅឃុំសំរោងយោង ស្រុកពួក ដោយដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក សរុបជាង១២០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

របាយការណ៍ខាងលើ បានបន្តថា ដើមឡើយសមត្ថកិច្ចជំនាញ បានបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រោយប្រើវិធានការជំនាញសាកសួរនិងពិនិត្យទៅលើភស្តុតាងនានា ហើយបានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

ក្នុងនោះសមត្ថកិច្ចជំនាញ ដកហូតបានសារធាតុញៀន មេតំហ្វេតាមីន (ម៉ាទឹកកក) សរុបចំនួន១២១ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរីគូទហើម ស្មើនឹងទម្ងន់១២០,៦៨៥ក្រាម (១២០គីឡូ ៦៨៥ក្រាម)។

ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES