Wednesday, May 1, 2024
Homeសង្គម និងជីវិតប្តីធ្វើសំណង់ ចូលខារ៉ាអូខេឱបស្រី ប្រពន្ធវ៉ៃបោចសក់

ប្តីធ្វើសំណង់ ចូលខារ៉ាអូខេឱបស្រី ប្រពន្ធវ៉ៃបោចសក់

ភ្នំពេញ ៖ បុរសម្នាក់ទើបចេញពីធ្វើសំណង់ ឆ្លៀតចូលខារ៉ាអូខេ ផឹកស៊ីឱបស្រី ជាមួយបនភឿនយ៉ាងរំភើយ លុះប្រពន្ធស៊ើបដឹង នាំកូនមកអង្គុយចាំនៅមុខហាងខារ៉ាអូខេឃើញប្តីចេញមក ក៏ចាប់វាយបោចសក់ អូសឡើងម៉ូតូ ត្រឡប់ទៅផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ករណីប្រពន្ធតាមទាន់ប្តីចូលខារ៉ាអូខេ វ៉ៃបោចសក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅខាងមុខហាងខារ៉ាអូខេ ១កន្លែង មានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

បុរសជាប្តីដែលត្រូវប្រពន្ធវ៉ៃបោចសក់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាកម្មករសំណង់។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង គឺជាកំពូលមនុស្សខូចខិល ចូលចិត្តដើរលេងសប្បាយ មានស្រីញី រាប់មិនអស់។ ថ្ងៃមុន ប្តីកំហូចនេះ ធ្លាប់យកកងដៃរបស់នាងទៅលក់ រួចយកលុយចូលក្លឹបម្តងរួចមកហើយ និងត្រូវនាងតាមទាន់ វាយព្រមានម្តងមកហើយដែរ ដោយប្តីប្រាប់គាត់ថា ឈប់ហើយ ខ្លាចហើយ រាងចាលហើយ ស្រាប់តែមិនបានប៉ុន្មានផង ឆ្លៀតពេលចេញពីធ្វើការសំណង់ មិនត្រឡប់ទៅផ្ទះ រកបាយទឹក ជួបជុំប្រពន្ធកូន បែរជាលួចមកចូលខារ៉ាអូខេ ឱបស្រីទៅវិញ ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏នាំកូនមកចាំដល់មុខហាងខារ៉ាអូខេ តែម្តង។

ស្ត្រីជាប្រពន្ធ បន្តថា នៅមុនពេលកើតហេតុ ប្តីនាងបានទៅធ្វើការសំណង់ដូចសព្វដង លុះចប់ម៉ោងការងារ បាត់ប្តីមិនឃើញត្រឡប់មកផ្ទះវិញ ទើបនាងបានទូរស័ព្ទសួរប្តីថា នៅឯណា?  ពេលនោះប្តីក៏ឆ្លើយថា “កំពុងផឹកស៊ីនៅផ្ទះមិត្តភក្តិ”។ ប៉ុន្តែដោយសារតែនាងមិនទុកចិត្ត ណាមួយដឹងល្បិចប្តីកំហូចច្បាស់ផង ទើបនាងបានបីកូន ដើរតាមរកប្តីទាំងយប់ គាប់ជួនប្រទះឃើញម៉ូតូប្តី ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-3960 នៅមុខហាងខារ៉ាអូខេ ទើបនាងបានទូរស័ព្ទហៅប្តី ជាច្រើនដង តែមិនចូល ទើបនាងរង់ចាំប្តីចេញពីខារ៉ាអូខេតែម្តង។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា នាងបានអង្គុយចាំប្តីមុខខារ៉ាអូខេនេះ តាំងពីម៉ោង៨យប់ មកម៉្លេះ តែមិនឃើញប្តីចេញមក សូម្បីទូរស័ព្ទក៏បិទចោលទៀត។ រហូតដល់ពាក់កណ្តាលអធ្រាត្រ ដោយឃើញអ្នកសារព័ត៌មានមកថតផ្សព្វផ្សាយច្រើនពេក ទើបសន្តិសុខហាងខារ៉ាអូខេ បានចូលទៅហៅប្តី ចេញមកជួបនាង ទើបធ្វើនាងខឹង ក៏វាយ២-៣ ជាការព្រមាន រួចអូសកត្រឡប់ទៅផ្ទះវិញ ចាំដល់ផ្ទះ ចាំដោះស្រាយគ្នាឱ្យដឹងសខ្មៅម្តង។

ក្រោយពេលកើតហេតុ បុរសជាប្តីដែលត្រូវប្រពន្ធវាយបោចសក់នោះ បានឡើងជិះម៉ូតូ ដឹកប្រពន្ធនិងកូន ត្រ ឡប់ទៅផ្ទះបាត់ទៅ ធ្វើឱ្យអ្នកចោមរោមមើលហេតុការណ៍ លាន់មាត់ថា “វីវរហើយ! មិនដឹងពេលទៅដល់ផ្ទះ ត្រូវប៉ុន្មានពិលទៀតទេ…”៕

RELATED ARTICLES