Tuesday, April 30, 2024
Homeសង្គម និងជីវិត ប្អូន Love Riya ថាខ្មោចនាំទៅលោតទឹក ខ្មោចមីង ជួយសង្គ្រោះជីវិត

 ប្អូន Love Riya ថាខ្មោចនាំទៅលោតទឹក ខ្មោចមីង ជួយសង្គ្រោះជីវិត

ភ្នំពេញ ៖ បុរសជាប្អូនជីដូនមួយរបស់លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya អ្នកលក់អនឡាញល្បីឈ្មោះ ដែលបានជិះម៉ូតូ ទៅលោតទឹកសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប៉ុន្តែមិនស្លាប់នោះ បានអះអាងថា មានខ្មោចនាំខ្លួនទៅលោតទឹក តែសំណាងល្អ បានខ្មោចម្តាយមីង ត្រូវជាម្តាយបង្កើតរបស់លោកស្រី Love Riya ជួយសង្គ្រោះជីវិត។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បុរសម្នាក់ ឈ្មោះលឹម ពេជ្រ ត្រូវជាប្អូនជីដូនមួយរបស់លោកស្រី Love Riya បានជិះម៉ូតូ ១គ្រឿង ឡើងទៅលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រួចលោតចូលទឹកសម្លាប់ខ្លួន ពីលើស្ពាន បន្សល់ទុកតែម៉ូតូនិងសម្ភារៈមួយចំនួន នៅលើស្ពាន ធ្វើឱ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នាំគ្នាមកដល់ចំណុចកើតហេតុ ដោយក្នុងនោះ ឃើញមានទាំងតារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង និងអ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ រួមទាំងមានក្រុមកាងារជាច្រើននាក់ បាននាំគ្នាមកស្រែកយំទ្រហឹងពេញលើស្ពានព្រែកសំរោង ដោយនឹកស្មានថា បុរសឈ្មោះលឹម ពេជ្រ បានលង់ទឹកស្លាប់បាត់ទៅហើយ។

ស្រាប់តែមកដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤  បែរជាបុរសដែលត្រូវជាប្អូនជីដូនមួយលោកស្រី Love Riya  ជិះម៉ូតូកង់បី ត្រឡប់មកផ្ទះវិញ លុះសួរនាំ ក៏ប្រាប់ថា មានខ្មោចនាំខ្លួនទៅលោតទឹក តែសំណាងល្អ បានគុណបុណ្យខ្មោចម្តាយមីង ដែលត្រូវជាម្តាយបង្កើតរបស់លោកស្រី Love Riya ជួយសង្គ្រោះទាន់ពេល។

អ្នកស្រី Love Riya ត្រូវជាបងជីដូនមួយបុរសលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ខាងលើ បានរៀបរាប់តាមវីដេអូ ផ្សាយតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថា “បើសិនខ្ញុំនិយាយកុហកបងប្អូនទាំងអស់គ្នា សូមឱ្យខ្ញុំរលាយទ្រព្យសម្បត្តិទាំងអស់ចុះ ប្អូនជីដូនមួយរបស់ខ្ញុំ លោកទឹកយប់មិញពិត ប្រាកដមែន ដោយសារបងៗប៉ូលិស គាត់ខលមក ថាម៉ូតូនេះ ពណ៌នេះ បានលោតទឹកលិចទៅបាត់ហើយ ហើយមានមនុស្សស្រីម្នាក់ មកពីស៊ីការ បានឃើញ រកទៅចាប់ តែមិនទាន់ ហើយពេលគាត់ទៅអើតមើល ឃើញតែពពុះអណ្តែតត្រា ចំណែកមនុស្ស លិចបាត់ អត់អណ្តែតមកវិញទេ ដល់ពេលពេជ្រ ប្អូនខ្ញុំ និយាយថា ពេលគាត់ធ្លាក់ចូលទឹករួច ឮសំឡេងម្តាយខ្ញុំនិយាយថា “ពេជ្រ ហុចដៃ មក អ៊ីយកទៅគោកវិញ” គាត់ក៏ហុចដៃទៅ រួចលែងដឹងអីទៀត។ ហើយដល់ព្រឹកឡើង គាត់ដឹងខ្លួនឡើងវិញ ក្បាលកើយលើមាត់ច្រាំង កើយលើស្មៅ ជើងនៅក្នុងទឹក សុទ្ធតែភក់ ហើយព្រឹកមិញហ្នឹង ពេលគាត់ដឹងខ្លួន អត់មានផ្លូវចេញទេ ហើយមានផ្ទះមួយនៅហ្នឹង ដល់សួរថា ចេញម៉េចរួច? គាត់ថា វែកព្រៃ កាយរកផ្លូវចេញ ហើយរកកង់បីជិះត្រឡប់មកដល់ផ្ទះវិញ នៅម៉ោងប្រមាណ៧ព្រឹក ធ្វើឱ្យអ្នកផ្ទះផ្អើលឆោឡោពេញផ្ទះតែម្តង…”។

ដោយឡែក បុរសឈ្មោះលឹម ពេជ្រ ដែលបានទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកសំរោង តែមិនស្លាប់នោះ បានរៀបរាប់ថា ដំបូងខ្លួនកំពុងជប់លៀង ហូបចុកជុំគ្រួសារ និងក្រុមការងារ យ៉ាងសប្បាយ នៅផ្ទះបងស្រីជីដូនមួយ Love Riya ដោយបានផឹកស្រាបៀរច្រើនដែរ លុះក្រោយមក ខ្លួនចាំបានថា បានដោះខ្សែក ផ្ញើជាមួយអ្នករួមការងារម្នាក់ រួចក៏ជិះម៉ូតូចេញពី ផ្ទះបងស្រី Love Riya ចេញទៅក្រៅ ស្រាប់តែពេលនោះ មានមនុស្សប្រុសម្នាក់ មាឌធំ បាននាំខ្លួនទៅ ដោយមិននិយាយអ្វីទាំងអស់។ លុះពេលជិះម៉ូតូទៅដល់លើស្ពាន ក៏ឈប់ម៉ូតូ រួចលោតចូលទឹកភ្លាមៗតែម្តង។ លុះពេលលោតចូលដល់ក្នុងទឹក លែងដឹងខ្លួនហើយ លុះដឹងខ្លួនម្តងទៀត ក៏ឃើញអ៊ី (ម្តាយអ្នកនាង Love Riya) បានហុចដៃមករក រួចនិយាយថា “ពេជ្រ តោងដៃអ៊ីមក” ពេលនោះ ខ្លួនក៏បានឈោងដៃតោងដៃខ្មោចម្តាយមីងជាប់ រួចក៏លែងដឹងខ្លួនរហូត តែម្តង ។ លុះព្រឹកឡើងខ្លួនបានដឹងខ្លួនឡើង ស្រាប់តែឃើញខ្លួនឯងនៅលើគោក ក្បាលកើយ ច្រាំងទន្លេ ជើងនៅក្នុងទឹក ពេលរកមើលផ្លូវចេញ អត់មាន ក៏ដើរវែកព្រៃចេញ ឡើងមកលើផ្លូវធំ រួចហៅម៉ូតូកង់បីជិះ ទាំងខ្លួនសើមជោក និងជើងសុទ្ធតែភក់ សំដៅមកផ្ទះបងស្រី  Love Riya វិញ ហើយក៏កើតមានការភ្ញាក់ផ្អើលពេញផ្ទះតែម្តង។

 គួររំលឹកថា កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបុរសម្នាក់ ជាក្រុមការងារ និងជាសាច់ញាតិ (ប្អូនជីដូនមួយលោកស្រី Love Riya អ្នកលក់អនឡាញល្បីឈ្មោះ) បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកសំរោង បន្សល់ទុកម៉ូតូនិងសម្ភារៈមួយចំនួន នៅលើស្ពាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ បាននាំគ្នាមកដល់ចំណុចកើតហេតុ ដោយក្នុងនោះ ឃើញមានទាំងតារា កំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង និងអ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ រួមទាំងមានក្រុមកាងារជាច្រើននាក់ បានមកដល់លើស្ពានព្រែកសំរោង អុជធូប និងសែនផ្លែឈើនៅលើស្ពាន ស្រាប់តែព្រឹកថ្ងៃបន្ទាប់ បុរសខាងលើ បែរជានៅមានជិវិត ត្រឡប់មកដល់ផ្ទះវិញ និងអះអាងថា មានខ្មោចនាំទៅលោតទឹក ហើយត្រូវបានខ្មោចម្តាយមីង (ម្តាយបង្កើត Love Riya ជាអ្នកជួយសង្គ្រោះជីវិតទៅវិញ៕

RELATED ARTICLES