Wednesday, May 1, 2024
Homeសង្គម និងជីវិតតាដុតជញ្ជ្រាំងស្រូវ ឆេះខ្លួ...ន...ឯ...ង...ស្លាប់

តាដុតជញ្ជ្រាំងស្រូវ ឆេះខ្លួ…ន…ឯ…ង…ស្លាប់

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ បានទៅដុតជញ្ជ្រាំងស្រូវ ក្នុងស្រែរបស់ខ្លួន លុះភ្លើងឆេះរាលខ្លាំង ពន្លត់មិនបាន បណ្តាលឱ្យឆេះរាលដល់ជញ្ជ្រាំងស្រូវ ប្រមាណជាង២០ហិកតារ និងថែមទាំងបណ្តាលឱ្យឆេះស្លាប់ទាំងខ្លួនឯងក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ខាងជើងភូមិព្រៃស្លឹក ស្ថិតក្នុងភូមិសូភី ឃុំរនាម ស្រុកទ្រាំង។

បុរសចំណាស់រងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះឡុង ទូច ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ កប សេម អធិការនៃអធិការដ្នាននគរបាលស្រុកទ្រាំង បានដឹកនាំកម្លាំងជំនាញនិងអន្តរាគមន៍ ចុះពន្លត់អគ្គិភ័យឆេះជញ្ជ្រាំង នៅចំណុចវាលស្រែខាងលើ។ប្រភពដដែល បន្តថា ជនរងគ្រោះមានជំងឺប្រចាំកាយ មុនពេលកើតហេតុ បានចេញពីផ្ទះដោយយកដែកកេះ ពីឈ្មោះសិត សេម អាយុ៧៤ឆ្នាំ ត្រូវជាប្រពន្ធ មានទាំងកាំបិតក្រងុក ១ផង និងបានប្រាប់ប្រពន្ធថា ទៅដុតជញ្ជ្រាំងស្រូវក្នុងស្រែ ពេលដុតរួច ភ្លើងឆេះខ្លាំង មិនអាចពន្លត់បាន ក៏ឆេះរាលដាលធំទៅៗ រហូតដល់ឆេះស្លាប់ទាំងខ្លួនឯងតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោង ២រសៀលថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បាន គឺភ្លើងបានរលត់ទៅវិញទាំងស្រុង។ លុះពេលពន្លត់ភ្លើងរួច ទើបប្រទះឃើញសាកសពជនរងគ្រោះ ត្រូវភ្លើងឆេះខ្លោច ស្លាប់នៅចម្ងាយ ៤០ម៉ែត្រ ពីកន្លែងដុតជញ្ជ្រាំងស្រូវ។ ចំណែកភ្លើងបានឆេះជញ្ជ្រាំងស្រូវ លើផ្ទៃដីអស់ប្រមាណ២០ ហិកតារ និងប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ៤រថយន្ត តែមិនបណ្តាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិប្រជា ពលរដ្ឋទេ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញស្រុក បានសហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការចូលរួមពីលោកគ្រូពេទ្យ លោកមេឃុំ លោកមេភូមិ និងក្រុមគ្រួសារសព បានចុះពិនិត្យនិងធ្វើ កោសល្យវិច័យសព រួចប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES