Tuesday, April 30, 2024
Homeសង្គម និងជីវិត រកឃើញហ្វូស៊ីលដើមឈើនៅភ្នំត្បែង អាយុកាល២៥១-៦៥លានឆ្នាំ

 រកឃើញហ្វូស៊ីលដើមឈើនៅភ្នំត្បែង អាយុកាល២៥១-៦៥លានឆ្នាំ

ភ្នំពេញ ៖ ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។

ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហ គមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអ្នកជំនាញ ព្រះសង្ឃ ឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។

បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញហ្វូស៊ីលឈើ ប្រវែង៣ុ៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកហ្វូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។

តាមរយៈកំណាយ អាចយល់បានថា ហ្វូស៊ីលដើមឈើនេះ អាចស្ថិតនៅស័ក Mesozoic សម័យកាល Jurassic – Cretaceous (២៥១-៦៥លានឆ្នាំ)។

សូមជម្រាបថា ក្រុមការងារសិក្សាហ្វូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នារយៈកាលកន្លងទៅបាន រកឃើញហ្វូស៊ីល ជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង ហ្វូស៊ីលសត្វ ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។

ក្រុមការងារសិក្សាហ្វូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានតួនាទីចម្បងសិក្សាស្រាវជ្រាវ រៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើស ធនធានវប្បធម៌ និងស្តារធនធានតំបន់បេតិកភណ្ឌធម្មជាតិ ឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ៕

RELATED ARTICLES