Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសដៀលស្នងការឫកធំ ចេញមុខសុំទោស

បុរសដៀលស្នងការឫកធំ ចេញមុខសុំទោស

ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានបង្ហោះសារតាមបណ្តាញសង្គម ដោយប្រើសម្តីធ្ងន់ៗថា “ស្នងការខេត្តកំពង់ ចាម ឫកធំម៉្លេះ ហេតុអីអ្នកកាសែតសួរផ្លូវច្បាប់ មិនឆ្លើយ?” ជាហេតុធ្វើឱ្យអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចេញប្រតិកម្មភ្លាមៗ និងទាមទារឱ្យចេញមុខសុំទោសជាបន្ទាន់ ទើបបុរសនោះ ភ្ញាក់ខ្លួនដឹងកំហុស ចេញមុខសុំទោសជាសាធារណៈ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ «លីពៅ កំពង់ចាម» បានបង្ហោះខ្លឹមសារថា “ស្នងការខេត្តកំពង់ចាម ឫកធំម៉្លេះ ហេតុអ្វីអ្នកកាសែតសួរផ្លូវច្បាប់ មិនឆ្លើយ?”។

លុះមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្នើបុគ្គលដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «លីពៅ កំពង់ចាម» ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ក្នុងរយៈពេល២៤ម៉ោង ចំពោះការប្រើពាក្យពេចន៍មិនសមរម្យមកលើលោកស្នងការនគរបាលខេត្តកំពង់ចាម ប្រសិនបើពុំដូច្នោះទេ នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា «នាវេលាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ មានគណនី (Facebook) ឈ្មោះ លីពៅ កំពង់ចាម បានបង្ហោះខ្លឹមសារថា “ស្នងការខេត្តកំពង់ចាម ឫកធំម៉្លេះ ហេតុអ្វីអ្នកកាសែតសួរផ្លូវច្បាប់ មិនឆ្លើយ?” ពាក្យពេចន៍របស់បុគ្គលដែលបានបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រធានអង្គភាពអនុវត្តច្បាប់យើងខ្ញុំ ដែលជាថ្នាក់ដឹកនាំ កំពុងបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសារធារណជន និងប្រជាពលរដ្ឋ ដែលជាអ្នក តាមដានព័ត៌មានតាមបណ្តាញសង្គម មេត្តាជ្រាបថា សម្រាប់ការបង្ហោះដោយប្រើពាក្យសម្តីអសីលធម៌ជាសាធារណៈបែបនេះ បានឆ្លុះបញ្ចាំងពីអំពើមួយដែលមន្ត្រី កងម្លាំងក្រោមឱវាទពិបាកនឹងទទួលយក មកលើថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាស្ថាប័នមានសមត្ថកិច្ច។

ក្នុងន័យនេះ អង្គភាពយើងខ្ញុំ ស្នើបុគ្គលដែលជាម្ចាស់គណនី (Facebook) ឈ្មោះ លីពៅ កំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ដល់ប្រធានអង្គភាពយើងខ្ញុំ ក្នុងរយៈពេល២៤ម៉ោង ប្រសិនបើពុំដូច្នោះទេ យើងខ្ញុំនឹងធ្វើការដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌ជូនប្រធានអង្គភាពយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំកំពុងបំពេញការងារក្នុងមុខងារសាធារណៈជាក់ជាមិនខាន។

ភ្ជាប់ជាមួយគ្នានេះដែរ ចំពោះខ្លឹមសារ នៃសំណួរដែលសួរថា ៖

– ជនបង្កជម្លោះ “វ៉ៃគ្នា” ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រសិនជាចាប់បាន នឹងត្រូវពិន័យក្នុងម្នាក់ ៤លានរៀល

– អ្នកមានស្នាដៃចាប់ជនចាប់ជនបង្កបានម្នាក់ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៥០០ ០០០រៀល។

ខ្លឹមសារនេះ អង្គភាពយើងខ្ញុំពុំអាចបកស្រាយបាននោះទេ ព្រោះសំណួរនេះ ពុំស្ថិតក្នុងទិដ្ឋភាពច្បាប់ ហើយសំណួរនេះ ក៏ពុំដឹងមានប្រភពចេញពីណានោះដែរ»។

បន្ទាប់ពីមានប្រតិកម្មពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រួចមក នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ «លីពៅ កំពង់ចាម» បានចេញមុខទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះកាប្រើពាក្យពេចន៍មិនសមរម្យរបស់ខ្លួន ទៅលើលោកស្នងការនគរបាលខេត្តកំពង់ចាម។

ម្ចាស់គណនីហ្វេសប៊ុក «លីពៅ កំពង់ចាម» បានបង្ហោះសារសុំទោសថា “ខ្ញុំបាទ ម្ចាស់គណនីយ Facebook លីពៅ កំពង់ចាម សូមគោរពអធ្យាស្រ័យចំពោះលោកស្នងការនគរបាលខេត្តកំពង់ចាម នូវកំហុសឆ្គងដែលបានបង្ហោះកាលពីយប់មិញ ដោយខ្ញុំបាទមិនបានគិតគ្រប់ជ្រុងជ្រោយ ដោយសន្យាមិនឱ្យមានលើកក្រោយទៀត»៕

RELATED ARTICLES