Saturday, April 27, 2024
Homeសង្គម និងជីវិតម៉ែប្តឹងកូនដណ្តើមដី ៣១ហិកតារ តុលាការកាត់ក្តីឲ្យម៉ែឈ្នះ

ម៉ែប្តឹងកូនដណ្តើមដី ៣១ហិកតារ តុលាការកាត់ក្តីឲ្យម៉ែឈ្នះ

ខេត្តកំពត ៖ លោកឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារពាក់ព័ន្ធចម្រុះ ចុះអនុវត្តសាលក្រមរដ្ឋប្បវេណីស្ថាពរ លេខ២១៦ (ញ) ចុះថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពត នៅសាលាឃុំកំពង់សំរោង និងលើទីតាំងដីផ្ទាល់ ស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

សាលក្រមរដ្ឋប្បវេណីស្ថាពរនេះ បានសម្រេចឱ្យម្តាយបង្កើត ជាដើមចោទ ឈ្មោះឈុន ហឹង អាយុ៨៥ឆ្នាំ មានលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត មានអត្ថិភាពនៃសិទ្ធិលើកម្មសិទ្ធិលើដីទំហំ ៣១,៥៩ហិកតារ ដែលមានព្រំប្រទល់ខាងជើងទល់នឹងព្រែក ខាងត្បូងទល់នឹងផ្លូវរថភ្លើង ខាងកើតទល់នឹងព្រែក ខាងលិចទល់នឹងដីស្រែប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

ដោយតុលាការបង្គាប់ឱ្យចុងចម្លើយ ជាកូនប្រសា ឈ្មោះណុប សារ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធ ត្រូវជាកូនស្រីបង្កើតរបស់ដើមចោទ ឈ្មោះហោ សឺយ មានលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្តាល ក្រុងកំពត ខេត្តកំពត ត្រូវចាកចេញពីទំហំដី ៣១,៥៩ហិកតារ ស្ថិតក្នុងទីតាំងភូមិសាស្ត្រខាងលើ។ សាលក្រមស្ថាពររបស់សាលាដំបូងខេត្តកំពត ក៏បង្គាប់ឱ្យចុងចម្លើយឈ្មោះណុប សារ៉េត និងប្រពន្ធឈ្មោះ ហោ សឺយ ប្រគល់ដីទំហំ ៣១,៥៩ហិកតារ មានទីតាំងក្នុងភូមិសាស្ត្រខាងលើ ទៅឱ្យដើមចោទជាម្តាយ ឈ្មោះឈុន ហ៊ឹង វិញដែរ។

ទន្ទឹមនេះ សាលក្រមស្ថាពរដដែល សម្រេចលើកចោលពាក្យបណ្តឹងសុំចូលជាតតិយជន ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ របស់តតិយជន ឈ្មោះស៊ុន កេង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិកំពង់សំរោងខាងជើង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ផងដែរ។

ការចុះអនុវត្តសាលក្រមនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់សំរោងភាគច្រើន មានការគាំទ្រ និងអបអរសាទរពាក់ព័ន្ធនឹងចំណាត់ការនៃសាលក្រម មានភាពត្រឹមត្រូវ យុត្តិធម៌របស់តុលាការ ដែលបានរកយុត្តិធម៌ជូនលោកយាយជាដើមចោទ អាយុ៨៥ឆ្នាំ ជាចាស់ជរា ហើយត្រូវជាម្តាយក្មេកនិងម្តាយបង្កើតរបស់ចុងចោទ ជាប្តីប្រពន្ធផងដែរ។

យោងតាមសាលក្រមរដ្ឋប្បវេណីស្ថាពររបស់សាលាដំបូងខេត្តកំពត គឺដើមចោទឈ្មោះឈុន ហ៊ឹង បានទទួលនូវទំហំដី ៣១,៥៩ហិកតារ ក្នុងទីតាំងភូមិសាស្ត្រដូចខាងលើ តាំងពីឆ្នាំ១៩៨៧ តាមរយៈការទិញជាបន្តបន្ទាប់ ពីម្ចាស់ហ៊ុន ជាដីស្រែអំបិល រកស៊ីផលិតអំបិល ក្នុងសហគមន៍ ផលិតអំបិល ដោយដីខាងលើ គឺដើមចោទ បានមកពីការទិញ-លក់ ដោយដំបូងឡើយ គឺដើមចោទ ជាក្រុមសាមគ្គីផលិតអំបិល ដែលមានចំនួន ១២ហ៊ុន មានសមាជិកសរុបចំនួន៦នាក់ រួមមានឈ្មោះឈុន ហ៊ឹង ឈ្មោះនួន ងឹម ឈ្មោះស៊ុន កេង ឈ្មោះឈុន មុំ ឈ្មោះនួន អ៊ាវ និងឈ្មោះសួស សុផាន្នី។ ក្រោយមកម្ចាស់ហ៊ុនដទៃទៀត ក៏បានលក់ឱ្យដើមចោទ ជាបន្តបន្ទាប់ រហូតទាំងអស់ និងបានទិញពីប្រជាជនមួយចំនួនបន្ថែមទៀត។ ដើមចោទ បានកាន់កាប់ចាត់ចែងនិងអាស្រ័យផលលើដីនេះ រហូតមក ដោយប្រកបរបរផលិតអំបិល និងមិនទាន់បានធ្វើការចុះបញ្ជីដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយ ដោយគ្មានការជំទាស់ និងដឹងឮជាសាធារណៈ។

ដើមចោទ បានធ្វើអាជីវកម្មផលិតអំបិល ក្នុងសហគមន៍ផលិតអំបិល ដែលមានការផ្តល់ទុនផលិតអំបិល និងមានការទទួលស្គាល់ពីសហគមន៍ផលិតអំបិល និងមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្តកំពត ដែលមានបណ្ណប៉ាតង់ត្រឹមត្រូវ ដោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ទទួលស្គាល់ឈ្មោះឈុន ហ៊ឹង ជាម្ចាស់ផលិតអំបិល លើផ្ទៃដីទំហំ ៣១ ៥៩ហិកតារ ស្ថិតនៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូក ខេត្តកំពត ដែលទំហំនេះបានមកពីការវាស់វែងរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត បានចុះស្រង់ទិន្នន័យនៅឆ្នាំ២០១៦។

ក្រោយមក នៅអំឡុងឆ្នាំ១៩៩០ ចុងចម្លើយ ឈ្មោះណុប សារ៉េត បានមកដណ្តឹងកូនស្រីពៅរបស់ដើមចោទ ឈ្មោះហោ ស៊ឺយ និងបានរួមរស់ជាមួយគ្នារហូតមក មិនដែលមានរឿងអ្វីនោះទេ ទើបតែនៅឆ្នាំ២០១៦ ក៏មាន​ការទាមទារដីផលិតអំបិល ពីដើមចោទ ពីសំណាក់ចុងចម្លើយ។ ដោយមិនអាចដោះស្រាយគ្នាបាន ទើបប្តឹងមកសាលាដំបូងខេត្តកំពត តែម្តង។ នាពេលកំពុងតែប្តឹងផ្តល់គ្នានេះ គឺមានឈ្មោះស៊ុន កេង បានមកសុំចូលជាត​តតិយជន ដោយដាក់ពាក្យបណ្តឹងដែលមានដើមចោទជាចុងចម្លើយក្នុងការទាមទារដីទំហំ ៥០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅក្នុងចំណែកដីដែលដើមចោទនិងចុងចម្លើយកំពុងតែមានវិវាទគ្នានេះ៕

RELATED ARTICLES