ភ្នំពេញ ៖ ស្ត្រីម្នាក់បានបង្ហាញអារម្មណ៍ឈឺចាប់បំផុត ខណៈដែលប្តីដ៏ល្អខ្លួន ត្រូវឃ្លាតឆ្ងាយជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ ក្រោយពីរៀបការបាន៣ឆ្នាំ និងបន្សល់ទុកកូនប្រុសតូចម្នាក់ ព្រមទាំងអំរែកគ្រួសារ មកឱ្យខ្លួនជាប្រពន្ធត្រូវរ៉ាប់រងទាំងស្រុង អ្វើឲ្យស្ត្រីជាប្រពន្ធ ធ្លាក់ខ្លួនជាមេម៉ាយកូន១ ទួញយំរៀបរាប់ «ប្តីល្អរបស់អូនអើយ! បងទៅឲ្យបានសុខចុះ!»។

បុរសជាប្តីដែលបាត់បង់ជីវិតចោលប្រពន្ធកូននោះ មានឈ្មោះសុភ័ក្ត ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា បាត់បង់ជីវិតដោយសារជំងឺមហារីកគ្រាប់ឈាម និងដុះសាច់លើទងសួត។

ស្ត្រីជាប្រពន្ធ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន រៀបរាប់ថា “បងទៅបានសុខហើយ បងលែងត្អូញឈឺចាប់ទៀតហើយ ថ្វីត្បិតថាបងឈឺ រយៈពេលយូរ មើលបងក៏អស់ចិត្តអស់ចង់ តែលឿនពេកហើយ ត្រឹមតែ ១យប់ អូននិងកូន ក៏លែងបានឃើញបង លែងឮសំឡេងបង តើកម្មអីក៏កាចម៉្លេះ មិនអាសូរដល់ក្មេងតូច ភ្នែកខ្មៅៗ ត្រូវឃ្លាតពីឪពុកទាំងមិនទាន់ដឹងក្តី មិនដឹងថាប៉ាៗ ត្រូវឃ្លាតឆ្ងាយ មិនត្រឡប់។ កាន់តែរៀបរាប់ ខ្ញុំកាន់តែណែនទ្រូង បងផ្តាំអូន “ឱ្យមើលថែកូនជំនួសបងផង” ធ្វើម៉េចវាសនាយើងបានតែត្រឹមហ្នឹង សូមឱ្យបងជាតិក្រោយ មានអាយុវែង ចៀសផុតពីជំងឺកាចសាហាវទាំងពួង ជួបតែសេចក្តីសុខសប្បាយ បងអាចស្ងប់ចិត្តបាន អំរែក១នេះ អូននឹងរែកជំនួសបង»។
ស្ត្រីជាប្រពន្ធ សរសេរបន្តថា «តាំងពីរៀបការហើយជិត៣ឆ្នាំហើយ បងមិនដែលធ្វើឱ្យអូនលំបាកចិត្តបន្តិចសោះឡើយ បងជាប្តីដ៏ល្អម្នាក់ អូនតែងគិតថា អូនជានារីដែលសំណាង តែសេចក្តីសុខបែបនោះ ក៏មានតែរយៈពេលខ្លី មិនអាចប្រឆាំងនឹងវាសនាបានឡើយ ហើយក្តីទុក្ខសោកដ៏ធំបំផុត ក៏ចូលមកក្នុងជីវិតខ្ញុំ។ អាណិតកូនណាស់ កូនមាសម្តាយ កូនមិនដឹងអ្វីសោះ កូនលែងមានប៉ាៗហៅនឹងគេទៀតហើយ កូនបាត់បង់ប៉ាៗ ដោយមិនដឹងខ្លួន ហេតុអីកូនអភ័ព្វម៉្លេះ? ម៉ាក់ស្ទើរតែធ្លាយទ្រូងហើយ ហេតុអីទុក្ខសោកទាំងអស់ ត្រូវធ្លាក់មកលើគ្រួសារខ្ញុំទៅវិញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃដែលខ្ញុំឈឺចាប់បំផុតក្នុងជីវិត ហើយខ្ញុំក៏គ្មានថ្ងៃភ្លេចបានឡើយ…”៕