ភ្នំពេញ ៖ ស្រីស្អាត អៀ ម៉េងលិ តារាសម្តែង និងបង្ហាញម៉ូដល្បីឈ្មោះ ដែលមុននេះ បានទម្លាយរឿងបែកបាក់ស្នេហាជាមួយសង្សារនោះ ក្រោយភ្ជាប់ចំណងស្នេហាជាមួយគ្នា ៥ឆ្នាំនោះ នៅពេលនេះស្រាប់តែនាងបានទម្លាយពីមូលហេតុប្រេះឆាស្នេហានោះថា ត្រូវមិត្តភក្តិដណ្តើមសង្សារនាង ហើយនាងបានសួរទៅកាន់មិត្តដែលលូកថ្លើមនាងនោះថា «បានស៊ីរបស់គេហើយ វាហោះមែន បានជាធ្វើអ៊ីចឹង?»។
កញ្ញាអៀ ម៉េងលិ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ថា «ខ្ញុំកើតមកក្នុងជាតិនេះ មិនដែលមានចិត្តចង់បានរបស់គេទេ ជាពិសេសគឺប្ដីគេ សង្សារគេ ។ អ្ហែងស្គាល់ចរិតខ្ញុំច្បាស់ហើយ អ្ហែងចង់ធ្វើដូចខ្ញុំ តែអ្ហែងមិនបាច់ព្យាយាមធ្វើដូចខ្ញុំទេ សម្រស់អ្ហែង អាចកែឲ្យស្អាតលើសខ្ញុំបាន តែអ្ហែងមិនអាចកែចរិតថោកទាបខ្លួនឯង ឲ្យល្អថ្លៃថ្នូរដូចខ្ញុំបានទេ ព្រោះវាជាសន្ដានខាងក្នុង។ បានស៊ីអារបស់គេហើយ វាហោះមែន បានជាធ្វើអ៊ីចឹង? ស្ដាយទឹកចិត្តខ្លួនឯងដែរ ដែលស្មោះត្រង់ពេក»។

ទោះបីជាយ៉ាងណា ជុំវិញសំណេរតាមហ្វេសប៊ុក ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីកញ្ញាអៀ ម៉េងលិ បានទេ កាលល្ងាចពីម្សិលមិញ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កញ្ញាអៀ ម៉េងលិ បានប្រកាសពីដំណឹងបែកបាក់ពីសង្សាររបស់នាង ក្រោយពីពួកគេបានភ្ជាប់ចំណងស្នេហាស្អិតល្មួត បាន៥ឆ្នាំ ។
កញ្ញាអៀ ម៉េងលិ បានបង្ហោះរូបថតនាងជាមួយបុរសជាអតីតសង្សារ ដោយមានគូសសញ្ញាខ្វែងលើរូបនេះផង ក្នុងទំព័រហ្វេសប៊ុក របស់នាង ជាមួយសំណេរថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះ បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរអំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮ សូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នា កុំថាឲ្យនាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យបងប្អូនដឹង អ៊ីចឹងបែកគ្នា ក៏ផុសជាសាធារណៈ ឲ្យបងប្អូនដឹង។ ៥ឆ្នាំ ត្រូវបានបញ្ចប់ ខ្ញុំជាមួយម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង»។

កញ្ញាអៀ ម៉េង លិ បានបកស្រាយបន្ថែមពីការបែកបាក់ស្នេហានេះថា «ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បាន ទើបនាងខ្ញុំឲ្យស្រីៗទាំងអស់ប្រយ័ត្ន។ អរគុណ! នាងខ្ញុំអស់ការទ្រាំហើយ វាដដែលៗពេក យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាងគឺសុទ្ធតែមកពីពាក្យពេក។ ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់ រយ:ពេល ៥ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសូម្បីតែគិតថា ក្បត់ កុហក បោកប្រាស់ មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង»។
កញ្ញាអៀ ម៉េងលិ បានលើកឡើងថា ក្តីស្រឡាញ់ ឬស្នេហា បានធ្វើឲ្យក្តីស្រមៃរបស់នាង រួមពីធំ មកតូច ខណ:មុនពេលមានស្នេហា នាងមានក្ដីប្រាថ្នាខ្ពស់ ក្ដីស្រមៃធំ ចង់មានអ្វីគ្រប់យ៉ាង មានលុយ មានឡានទំនើបៗជាច្រើន មានផ្ទះវីឡាធំៗច្រើន មានដីច្រើនកន្លែង មានមុខរបរច្រើនកន្លែង មានលុយរាប់លានដុល្លារ តែនៅពេលដែលនាងបានជួបមនុស្សប្រុសម្នាក់ដែលនាងស្រលាញ់ ក្ដីស្រមៃទាំងអស់បានបាត់ត្រឹមរយ:ពេលខ្លី ព្រោះក្ដីស្រលាញ់ បានលុបវាអស់ ពោលគឺក្ដីស្រឡាញ់ បានធ្វើឲ្យក្តីស្រមៃរបស់នាង រួមពីធំមកតូចវិញ។
កញ្ញាអៀ ម៉េងលិ បានលើកឡើងថា «ខ្ញុំតែងតម្រង់ផ្លូវខ្លួនឯង ដូចតម្រង់កាំភ្លើង ឲ្យបាញ់ចំគោលដៅអ៊ីចឹងមានក្ដីប្រាថ្នាខ្ពស់ ក្ដីស្រមៃធំ ចង់មានអ្វីគ្រប់យ៉ាង មានលុយ មានឡានទំនើបៗជាច្រើន មានផ្ទះវីឡាធំៗច្រើន មានដីច្រើនកន្លែង មានមុខរបរច្រើនកន្លែង មានលុយរាប់លានដុល្លារ នេះជាក្ដីស្រមៃរបស់ខ្ញុំ តែនៅពេលដែលខ្ញុំបានជួបមនុស្សប្រុសម្នាក់ដែលខ្ញុំស្រឡាញ់ ក្ដីស្រមៃទាំងអស់ បានបាត់ត្រឹមរយ:ពេលខ្លី ព្រោះក្ដីស្រលាញ់បានលុបវាអស់ ហើយក៏មានក្ដីស្រមៃមួយទៀតថា មានផ្ទះល្មមមួយបានហើយ មានឡានលក្ខណ:គ្រួសារមួយ ហើយឡានផ្ទាល់ខ្លួនមួយបានហើយ មានមុខរបរមួយបានហើយ គ្រួសារតូចល្មមបានហើយ អោយតែបាននៅចិត្តមនុស្សខ្លួនស្រឡាញ់ មិនបាច់មានខ្លាំងទេ វាបានធ្វើឲ្យក្ដីស្រមៃដែលធំបំផុត មកជាតូចធម្មតាបាន ព្រោះដោយសារតែពាក្យថាស្រឡាញ់។ អ៊ីចឹងក្ដីស្រឡាញ់ពិត គឺចេញមកពីបេះដូង និងចិត្ត។ មនុស្សប្រុសណាដែលបានមនុស្សស្រីដែលចោលក្ដីស្រមៃ មករស់នៅជាមួយយើងដែលគ្មានអីនោះ គួរតែចេះថែរក្សា ព្រោះមិនងាយរកបានទេ Do not regret me . តែឥឡូវខ្ញុំ Single ទេ !»។
កញ្ញាអៀ ម៉េងលិ បន្ថែមទៀតថា «តាំងពីកើតមក គឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះ ហើយក៏រាងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើន ដើម្បីឲ្យជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នា ក៏ឲ្យអស់ពីចិត្ត ឃើញអី និយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង»៕ ខៀវទុំ