ភ្នំពេញ ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបើកប្រតិបត្តិការក្តៅមួយ ដេញបង្ក្រាបករណីក្រុមជួញដូរគ្រឿងញៀន និងត្រូវក្រុមឧក្រិដ្ឋជនបាញ់ស្រោចមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ទីបំផុតសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានបាញ់តបតការពារខ្លួនវិញ បណ្តាលឱ្យឧក្រិដ្ឋជនម្នាក់ ស្លាប់នៅក្នុងរថយន្ត និងរងរបួសម្នាក់ ព្រមទាំងចាប់ខ្លួនបានចំនួន២នាក់ ហើយក្នុងហេតុការណ៍នេះ ក៏បានបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន ៣នាក់ បានទទួលរងរបួសផងដែរ។

ហេតុការណ៍ផ្ទុះអាវុធរវាងក្រុមជួញដូរគ្រឿងញៀន ជាមួយនឹងសមត្ថកិច្ចជំនាញនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្បែរកំពង់ចម្លងស្វាយជ្រំ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យជាឧក្រិដ្ឋជនគ្រឿងញៀន ទាំង៤នាក់ (សុទ្ធតែជាជនជាតិថៃ) ដែលត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប រួមមាន ទី១-ឈ្មោះនំ ម៉ាឡាគុណ ភេទប្រុស អាយុ៣៤ឆ្នាំ (ចាប់ខ្លួន)។ ទី២-ឈ្មោះសែប ស៊ីសែនសុក ភេទប្រុស អាយុ២៥ឆ្នាំ (ចាប់ខ្លួន)។ ទី៣-ឈ្មោះជេម ភេទប្រុស អាយុប្រហែល២៨ឆ្នាំ (ស្លាប់នៅនឹងកន្លែង) និងទី៤-ឈ្មោះណាកូ ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ (រងរបួស)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីខាងនេះ ជាករណីបង្ក្រាបគ្រឿងញៀន ដោយកម្លាំងមន្ទីរបង្ក្រាបគ្រឿងញៀន ការិយាល័យ ក៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ រហូតក្តាប់មុខសញ្ញាបាន និងដេញតាមរហូតដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ដែលមានគ្នា៤នាក់ (សុទ្ធតែជាជនជាតិថៃ) បានបាញ់ជាច្រើនគ្រាប់មកលើសមត្ថកិច្ច ទើបពេលនោះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានបាញ់តបតទៅវិញ ដើម្បីការពារខ្លួន រហូតឈានដល់ការបង្ក្រាបបានទាំងស្រុង ដោយក្នុងនោះ ស្លាប់នៅនឹងកន្លែង (ក្នុងរថយន្ត) ម្នាក់ រងរបួសម្នាក់ និងឃាត់ខ្លួនបានចំនួន២នាក់។
ប្រភពដដែល បន្តថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ក៏បណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់ (ប្រុស១ ស្រី២) បានទទួលរងរបួសផងដែរ ហើយជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗផងដែរ។
ដោយឡែក នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានដកហូតគ្រឿងញៀន DMA ក្រាម ពណ៌ត្នោត ចំនួន៣០ដុំ និងគ្រឿងញៀន កេតាមីន ចំនួន១២ដុំ ព្រមទាំងរថយន្ត ចំនួន២គ្រឿង ម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-7217 ចំនួន១គ្រឿង និងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-0123 ចំនួន១គ្រឿង។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី៕