ភ្នំពេញ ៖ ករណីលោកស្រីទ្រី សុផានិត បងស្រីបង្កើតរបស់លោកស្រីទ្រី ដាណា ថៅកែហាងពេជ្រល្បីឈ្មោះ បានទម្លាយថា មានម្ចាស់គណនីហ្វេសប៊ុក មួយ គំរាមជះទឹកអាស៊ីដលើលោកស្រី ហើយត្រូវបានស្ត្រីជាម្ចាស់គណនីហ្វេសប៊ុកនោះ ចេញមុខបំភ្លឺ សុំទោស ដោយបញ្ជាក់ថា មានគេលួចលេងហ្វេសប៊ុក របស់ខ្លួន និងត្រូវបានលោកស្រីទ្រី សុផានិត យល់ព្រមអភ័យទោសឲ្យរួចហើយនោះ ពេលនេះនៅមិនទាន់បញ្ចប់ទេ ដោយអ្នកស្រីប្រកាសថា នឹងដាក់ពាក្យបណ្ដឹងទៅច្បាប់ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយនោះ ត្រូវបានបុរសជាប្តី ជាអ្នកលេង បានឆាតមកជេរប្រមាថលើកស្រីថែមទៀត។

លោកស្រី ទ្រី សុផានិត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា «នេះហើយបងប្អូន ប្តីចេញមុខមកហើយ អ៊ីចឹងខ្ញុំនឹងសុំបងប្អូនណាស្គាល់ផ្ទះបុគ្គលហ្នឹង ខ្ញុំជូនជាសគុណ ប្រាប់ទីតាំងម្នាក់ហ្នឹងផង! អ៊ីចឹងហើយបានន័យថា ប្តីប្រពន្ធរួមគំនិតគ្នា។ ok ខ្ញុំបំពេញបំណងអ្នកចុះ! នឹកឃើញថា ខ្មែរដូចគ្នា ខំលើកលែងឲ្យ។ ចាំទទួលផង តើទោសគំរាមសម្លាប់ មានទោសដល់កម្រិតណា?»។
គួររំលឹកថា នៅរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកស្រី ទ្រី សុផានិត បានបង្ហោះរូបគណនីហ្វេសប៊ុកមួយ ឈ្មោះ «ម៉ាក់ មីមី» ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី ជាមួយសំណេរថា «សូមជូនដំណឹងទៅអាខោនឈ្មោះ ម៉ាក់ មីមី ចូលខ្លួនមកដោះស្រាយជាមួយខ្ញុំ ជាបន្ទាន់! នាងខ្ញុំមានភ័ស្តុតាងដែលអ្នកឯងគំរាមសម្លាប់ខ្ញុំ នឹងជះទឹកអាស៊ីដមកលើខ្ញុំ អ្នកឯងលុបខំមិន តែនាងខ្ញុំបានស្គ្រីនទុកជាភ័ស្តុតាងរួចហើយ នឹងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ឲ្យអន្តរាគមន៍ជួយដោះស្រាយអំពីការគំរាមកំហែង និងបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈ។ ពុកម៉ែបងប្អូនណាដែលបានស្គាល់ពីរនេះ សូមជួយស៊ែរបន្ទាន់ផង ខ្ញុំនឹងឲ្យខាងបច្ចេកវិទ្យា រកទីតាំងរបស់អ្នកឯងឲ្យឃើញ នឹងចុះទៅដល់ផ្ទះ និងដាក់ទោសឱ្យបានធ្ងន់ធ្ងរ បើពុំឡើងមកដោះស្រាយជាមួយខ្ញុំ ជាបន្ទាន់ទេ»។

បន្ទាប់ពីមានការព្រមានខាងលើនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានយុវជនម្នាក់ ដែលអះអាងថា ជាកូនប្រុសរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ម៉ាក់ មីមី» បានចេញមុខអះអាងថា ម្តាយរបស់គេ មិនបានងឹងរឿងអីទេ គឺមានជនខិលខូចលួចយក (ហែក) គណនីហ្វេសប៊ុកចាស់ របស់ម្តាយគេដែលឈប់ប្រើយូរហើយ យកទៅលេង។
យុវជនជាកូនប្រុសរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ម៉ាក់ មីមី» បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នូវការបកស្រាយបំភ្លឺរបស់ម្តាយគេថា «នាងខ្ញុំ ឈ្មោះសំ សុខលី ធ្លាប់ជាម្នាស់ Account មួយនេះ ដែលមានឈ្មោះថា (ម៉ាក មីមី) សូមជម្រាបដល់បងប្អូនទាំងអស់គ្នាថា នាងខ្ញុំឈប់ប្រើប្រាស់ Account មួយ១នេះ យូរហើយ ដូចនេះប្រសិនបើមានករណី ឬបញ្ហាណាមួយ នាងខ្ញុំមិនទទួលខុសត្រូវឡើយ ពីព្រោះ Account នេះ កំពុងមានជនមិនស្គាល់មុខ ប្រើប្រាស់ក្នុងគោលបំណងមិនល្អ ធ្វើឲ្យខូចឈ្មោះនាងខ្ញុំ។ សូមអរគុណ»។
យុវជនដដែល សរសេរបន្ថែមថា «មានគេហេកអាខោនម៉ាក់ខ្ញុំទេ ម៉ាកខ្ញុំគាត់ឈប់លេងអាខោនហ្នឹងយូរហើយ សូមបងប្អូនកុំយល់ច្រឡំ»។
ជាមួយនេះ យុវជនជាកូនប្រុសរបស់ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ម៉ាក់ មីមី» នោះ បានបង្ហោះឃ្លីបវីដេអូ ម្តាយគេ (ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ម៉ាក់ មីមី») ចេញមុខបកស្រាយបំភ្លឺថា គាត់ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «ម៉ាក់ មីមី» នោះមែន តែគាត់ឈប់លេងតាំងពីឆ្នាំ២០១៩ ម៉្លេះ តាំងពីទូរស័ព្ទខូច គ្មានលទ្ធភាពទិញថ្មី ព្រោះរាល់ថ្ងៃ គាត់ធ្វើការរោងចក្រ ប្រើតែទូរស័ព្ទអិនចុចពិល ហើយថែមទាំងមិនចេះអក្សរទៀតផង និងសព្វថ្ងៃកំពុងមានផ្ទៃពោះប៉ុនកញ្ជើ ក្រីក្រ រកតែបាយហូបសឹងមិនគ្រប់ផង មានពេលឯណា ទៅចេះដឹងរឿងគេ ឬគំរាមសម្លាប់អ្នកណានោះទេ។
យ៉ាងណា ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក ដែលលោកស្រីទ្រី ដាណា ចោទប្រកាន់ថា ចូលខំមិន គំរាមជះទឹកអាស៊ីដដាក់លោកស្រីនោះ បានសុំទោសលោកស្រីទ្រី សុផានិត បើគណនីរបស់គាត់ ធ្វើអ្វីប៉ះពាល់លោកស្រី តែគាត់អះអាងថា គាត់មិនបានលេងហ្វេសប៊ុក អ្វីទៀតទេ តាំងពីខូចទូរស័ព្ទមក គឺអាចមានជនខិលខូច លួចយកគណនីរបស់គាត់ទៅលេង និងស្នើសុំលោកស្រី ជួយស្រាវជ្រាវ វែកមុខជនខិលខូចនោះផង។
ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះម៉ាក់ មីមី បាននិយាយក្នុងឃ្លីបវីដេអូបំភ្លឺនោះថា «ចែអើយ! ខ្ញុំជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះម៉ាក់ មីមី ហ្នឹង ខ្ញុំឈប់លេងតាំងពីឆ្នាំ២០១៩ ម៉្លេះ ហើយខ្ញុំរាល់ថ្ងៃហ្នឹង ធ្វើការរោងចក្រ ខ្ញុំគ្មានអីទេ ហើយទូរស័ព្ទក៏ប្រើតែអិនចុចពិលដែរ ហើយខ្ញុំសូមទោស បើថាខ្ញុំចូលទៅលេងថា ខ្ញុំជេរជាសាធារណអី ខ្ញុំអត់ដឹងរឿងអីទាំងអស់ ព្រោះរាល់ថ្ងៃហ្នឹងខ្ញុំគ្មានអីទេ ខ្ញុំធ្វើការរោងចក្រ សូម្បីតែអក្សរក៏ខ្ញុំមិនចេះដែរ រឿងទូរស័ព្ទរឿងអី ចេះបើកតែមើលរឿងថៃ រឿងអី បើថាឲ្យខ្ញុំចេះទៅលេងទៅអី ចេះសរសេរអក្សរ ចេះឆាតអី ខ្ញុំមិនដែលទេ ផេកអីខ្ញុំមិនចេះមើលឡាយ មើលអីផង ។ ខ្ញុំសុំទោសចែ បើសិនថាឈ្មោះខ្ញុំអ្នកលេងមែន តែខ្ញុំអត់បានលេងទេ ចែជួយឆែករកឈ្មោះអ្នកដែលយកអាខោនខ្ញុំ ទៅជេរ ទៅអីចែឯងហ្នឹងផង។ ខ្ញុំអត់ដឹងរឿងអីទាំងអស់ ព្រោះខ្ញុំសុំទោសជាសាធារណ: បើខ្ញុំឡាយវិញ ក៏ខ្ញុំគ្មានទូរស័ព្ទឡាយដែរ ព្រោះខ្ញុំអត់មានទេ ខ្ញុំមានតែអិនចុចពិល ពីមុនមកខ្ញុំមានមែន តែទូរស័ព្ទហ្នឹងខូចអស់ហើយ ឥឡូវខ្ញុំមិនទាន់បានទិញថ្មីទៀតផងហ្នឹង»។
ស្ត្រីដដែល និយាយបន្តថា «ហើយខ្ញុំសុំទោស បើសិនជាខ្ញុំធ្វើអីមួយខុសថាប៉ះពាល់ តែបើខ្លួនខ្ញុំម៉ង ខ្ញុំអត់បានលេង អត់បានអីទាំងអស់ អក្សរក៏ខ្ញុំមិនចេះផង ខ្ញុំសរសេរម៉េច? ខ្ញុំធ្វើការរោងចក្រហ្នឹង ពោះឡើងប៉ុនណាណី ខ្ញុំមានពាក្យអីត្រូវទៅស្អប់ ទៅខ្ពើមចែឯង ជេរឲ្យប៉ះពាល់ដល់ចែឯង ព្រោះខ្ញុំមិនជាអ្នកខាងលេងហ្វេសប៊ុក អីផងហ្នឹង។ ខ្ញុំមានតែប៉ុណ្ណឹងទេ សុំទោសជាសាធារណ:ក៏បានដែរ ព្រោះខ្ញុំអត់ដឹងរឿងអីទាំងអស់ ព្រោះខ្ញុំអ្នកក្រ អ្នកអត់ ឲ្យខ្ញុំទៅនិយាយប៉ះពាល់ចែឯងធ្វើអី រកតែក្រុមគ្រួសារខ្ញុំហូបមិនគ្រប់គ្រាន់ផង មានពេលឯណាទៅឈឺឆ្អាលចេះដឹងរឿងគេ ចែឯងថារឿងជះទឹកអាស៊ីដ ជះអីម៉េច ខ្ញុំអត់ដឹងរឿងអីទាំងអស់ ហើយខ្ញុំពោះប៉ុនណាណី ខ្ញុំអ្នកក្រ ខ្ញុំជាប្រជារាស្រ្ត ខ្ញុំគ្មានរឿងអីទៅហ៊ានប៉ះពាល់ពួកចែទេ»។
បន្ទាប់ពីមានការចេញមុខបំភ្លឺរបស់កូនប្រុស និងស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក «ម៉ាក់ មីមី» ខាងលើរួចមក នៅថ្ងៃដដែលនោះ លោកស្រីទ្រី សុផានិត បានរំសាយកំហឹង ព្រមទទួលយក និងព្រមអត់ឱន អភ័យទោសឲ្យម្ចាស់គណនីហ្វេសប៊ុក មួយនោះ តែលោកស្រីថា នឹងបន្តចាត់វិធានការស៊ើបរកអ្នកដែលលួចប្រើប្រាស់គណនីហ្វេសប៊ុក នេះបន្តទៀត ដើម្បីចាត់វិធានការផ្ដន្ទាទោសបុគ្គលនោះឲ្យបាន។
លោកស្រី ទ្រី សុផានិត បានយកវីដេអូបំភ្លឺរបស់ម្ចាស់គណនីហ្វេសប៊ុក «ម៉ាក់ មីមី» នោះ មកបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាមួយសំណេរថា «ម្ចាស់សាមីខ្លួន បានចេញមុខមកបញ្ជាក់ថា គាត់មិនបានលេង account facebook ឈ្មោះ ម៉ាក់ មីមី ដូច្នេះហើយ ដោយឃើញថា គាត់មិនបានប្រើ account facebook នោះទៀតទេ ខាងនាងខ្ញុំក៏ព្រមអត់ឱននិងអភ័យទោសឱ្យ ប៉ុន្តែនឹងចាត់វិធានការស៊ើបរកអ្នកដែលប្រើប្រាស់អាខោននេះបន្តទៀត និងចាត់វិធានការផ្ដន្ទាទោសបុគ្គលនោះឲ្យបាន»៕ ខៀវទុំ