ភ្នំពេញ ៖ បុរសជាសន្តិសុខឯកជន យាមឃ្លាំងសំណង់ ១កន្លែង ព្រោះតែកើតមានវិបត្តិផ្លូវចិត្តរឿងផ្ទាល់ខ្លួន ក៏បានគប់កាំបិត រំសាយកំហឹង ស្រាប់តែខ្ទាតទៅត្រូវប្រជាពលរដ្ឋ ២នាក់ប្តីប្រពន្ធដែលធ្វើដំណើរតាមដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន យក ទៅសាកសួរ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស មហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលត្រូវសន្តិសុខគប់កាំបិតខ្ទាតមកត្រូវនោះ បានប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ លុះមកដល់ត្រង់ចំណុចគល់ស្ពាន កន្លែងកើតហេតុ ស្រាប់តែឃើញសន្តិសុខម្នាក់ កំពុងយាមនៅខាងមុខឃ្លាំង បានគប់កាំបិតខ្ទាតមកលើរូបគាត់និងប្រពន្ធ តែមិនរងរបួសអ្វីទេ។ ពេលនោះគាត់ក៏បានជិះម៉ូតូត្រឡប់ទៅសួរសន្តិសុខនោះវិញ ហើយសន្តិសុខនោះបាននិយាយថា ដោយសារតែគាត់មានបញ្ហាផ្លូវចិត្តបន្តិចបន្តួច ហើយគាត់បានគប់កាំបិតទៅលើដី តែកាំបិតនោះបានខ្ទាតទៅលើផ្លូវ ហើយជិតត្រូវពួកគាត់ទាំង២នាក់ប្តីប្រពន្ធដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះដែលត្រូវសន្តិសុខគប់កាំបិតខ្ទាតត្រូវខាងលើ បានទាក់ទងទៅសមត្ថកិច្ច ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។ បន្ទាប់មក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានមកដល់កន្លែងកើតហេតុ ហើយបានសួរនាំទាំងសង្ខាង ក៏បាននាំសន្តិសុខ ខាងលើ យកទៅប៉ុស្តិ៍នគរបាល ដើម្បីសាកសួរបន្ថែម។
បន្ទាប់ពីសមត្ថកិច្ចនាំមកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ រួចមក ដោយជនរងគ្រោះមិនបានប្តឹងផ្តល់ ទើបសមត្ថកិច្ចគ្រាន់តែណែនាំសន្តិសុខរូបនោះ រួចអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងយាមវិញ៕