ភ្នំពេញ ៖ បុរសម្នាក់ បានតាំងខ្លួនជាគ្រូមន្តអាគម ដើរលក់ថ្នាំខ្មែរតាមខ្នងផ្ទះប្រជាពលរដ្ឋ លុះក្រោយមក បានប្រើល្បិចបោកនារីជាអ្នកលក់ផលិតផលអនឡាញ ចំនួន៣នាក់ ថាខ្លួនចេះកាត់ប្រជ្រុយចង្រៃ ដោយបង្គាប់ឱ្យចូលក្នុងបន្ទប់ជាមួយខ្លួន ម្តងម្នាក់ បង្គាប់ឱ្យនារីរងគ្រោះ ដោះសម្លៀកបំពាក់ចេញអស់ ដើម្បីខ្លួនមើលប្រជ្រុយចង្រៃ រួចក៏ធ្វើសកម្មភាពបៀតបៀន លូកស្ទាវខ្លួនប្រាណ និងប្រដាប់ភេទនារីរងគ្រោះ ហើយបន្តធ្វើទង្វើបែបនេះទៅលើនារីរងគ្រោះទី២ទៀត។ លុះដល់វេននារីរងគ្រោះទី៣ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ ថែមទាំងដោះយកគ្រឿងអលង្ការពីនារីរងគ្រោះ រួចរត់គេចបាត់ ទើបនារីរងគ្រោះទាំង៣នាក់ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ករណីគ្រូមន្តអាគមស្ទាបប្រដាប់ភេទស្រី ដើម្បីរកប្រជ្រុយចង្រៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងបុរីកសិកម្មចម្ការដូង ស្ថិតក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ថា នារីរងគ្រោះទាំង៣នាក់ រួមមាន ៖ ទី១-ឈ្មោះ ជ.ស ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចម្ការដូង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២-ឈ្មោះ ជ.ស.ហ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចម្ការដូង ស្ថិតក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៣-ឈ្មោះ ម.ស.ណ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅក្នុងបុរីកសិកម្មចម្ការដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកជនសង្ស័យ ឈ្មោះឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯវត្ថុតាងចាប់យក រួមមាន ៖ ១-ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១វង់។ ២-ខ្សែដៃលោហធាតុពណ៌លឿង ចំនួន ១ខ្សែ។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-5383 ចំនួន១គ្រឿង។ ៤-ទូរស័ព្ទដៃ ម៉ាកណូគាចុចពិល ពណ៌ផ្កាឈូក ចំនួន ១គ្រឿង។ ៥-កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ និង៦-គ្រឿងសក្ការៈមួយចំនួន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-5383 ដើរលក់ថ្នាំខ្មែរ តាមផ្ទះពលរដ្ឋ។ ពេលមកដល់ផ្ទះរបស់ជនរងគ្រោះទាំង៣នាក់ ជនសង្ស័យនេះបាននិយាយអះអាងថា រូបគេជាអ្នកចេះកាត់ប្រជ្រុយចង្រៃ ធ្វើឱ្យមានលាភសំណាងមកវិញ។ បន្ទាប់មក ជនសង្ស័យបានហៅជនរងគ្រោះម្នាក់ ចូលទៅក្នុងបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ហើយធ្វើសកម្មភាពដោះខោអាវរបស់ជនរងគ្រោះចេញទាំងអស់ ទោះបីជនរងគ្រោះប្រកែក មិនឱ្យដោះក៏ដោយ ក៏ជនសង្ស័យនៅតែបង្ខំដោះចេញទាំងអស់ ហើយរុញជនរងគ្រោះឱ្យដេកផ្ងារទៅលើគ្រែ រួចធ្វើសកម្មភាពស្ទាបរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូប ធ្វើពិធីដុតប្រជ្រុយ ហើយក៏ធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទនារីរងគ្រោះ រួចក៏ឱ្យនារីរងគ្រោះស្លៀកពាក់ ចេញមកខាងក្រៅវិញ ។
លុះដល់វេលាម៉ោង ៥ល្ងាច ថ្ងៃដដែល ជនសង្ស័យបានហៅជនរងគ្រោះម្នាក់ទៀត ឱ្យចូលក្នុងបន្ទប់ រួចក៏បានធ្វើសកម្មភាពលើជនរងគ្រោះទី២ ដូចជនរងគ្រោះទី១ ដែរ ហើយបានឱ្យស្លៀកពាក់ចេញមកខាងក្រៅវិញ។ រហូតដល់វេលាម៉ោង ៧យប់ ថ្ងៃដដែល ជនសង្ស័យបានហៅជនរងគ្រោះទី៣ ឱ្យចូលក្នុងបន្ទប់ទៀត ហើយបានធ្វើសកម្មភាពដូចជនរងគ្រោះទាំង២នាក់ខាងលើដែរ ប៉ុន្តែពេលធ្វើសកម្មភាពទៅលើជនរងគ្រោះទី៣ រួច ជនសង្ស័យបានដោះគ្រឿងអលង្ការរបស់នារីរងគ្រោះ ឈ្មោះ ម.ស.ណ មាន ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១វង់ និងខ្សែដៃលោហធាតុពណ៌លឿង ចំនួន១ខ្សែ ហើយក៏ជិះម៉ូតូម៉ាកខាងលើគេចខ្លួនបាត់ទៅ។ លុះមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះទាំង៣នាក់ បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធី។
រហូតដល់វេលាម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនិងវត្ថុតាង នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចម្ការដូង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបៀតបៀនលើរាងកាយនារីរងគ្រោះទាំង ៣នាក់ខាងលើ ដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទប្រកាន់ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕