Friday, June 27, 2025
Homeព័ត៌មានជាតិប្តីប្រចណ្ឌប្រពន្ធ ផឹកថ្នាំពុលសម្លាប់ខ្លួន

ប្តីប្រចណ្ឌប្រពន្ធ ផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹងគ្នាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ស្រាប់តែមួយរយៈចុងក្រោយនេះ ក៏ចាប់ផ្តើមកើតមានភាពរកាំរកូស តែងកើតមានជម្លោះពាក្យសម្តីជាញឹកញាប់ ដោយសារតែបុរសជាប្តីវ័យចំណាស់ ហាក់មានចិត្តប្រចណ្ឌប្រពន្ធខ្លាំង ចេះតែ សង្ស័យ ចោទប្រកាន់ថា ប្រពន្ធបែកគំនិតមានអ្នកថ្មី ប្រុងរត់ចោលខ្លួន លុះប្រពន្ធខឹង ស្តីបន្ទោសខ្លាំងៗ ស្រាប់តែប្តីអាក់អន់ស្រពន់ចិត្ត រហូតដល់បែកគំនិតគិតខ្លី យកថ្នាំបាញ់ស្មៅប្រភេទទឹកខៀវ ដែលជាថ្នាំពុលខ្លាំង យកទៅសម្ងំផឹកក្នុងបន្ទប់ រហូតដល់ក្អួតបែកពពុះមាត់ទើបក្រុមគ្រួសារដឹង ប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

បុរសដែលផឹកថ្នាំពុលសម្លាប់ខ្លួននោះ មានឈ្មោះឡត អាន ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិថៃ មានប្រពន្ធឈ្មោះទុយ ឈឿន ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ បានចាប់ដៃគ្នាអស់រយៈពេល ២៩ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី ចំនួន២នាក់ ហើយបច្ចុប្បន្ន មានទាំងចៅ ២នាក់ទៀតផង និងមានលំនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បុរសចំណាស់ជាប្តី ជនជាតិថៃ ខាងលើនេះ ហាក់មានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនខុសប្លែកពីធម្មតា ដោយចេះតែរករឿងឈ្លោះទាស់ទែងជាមួយប្រពន្ធជារៀងរាល់ថ្ងៃ ពិសេសឱ្យតែផឹកស្រាស្រវឹង ចេះតែប្រចណ្ឌប្រពន្ធនឹងអ្នកជិតខាងជារឿយៗ ដោយពេលខ្លះ ក៏ប្រើពាក្យសម្តីមិនសមរម្យដាក់ប្រពន្ធទៀតផង ប៉ុន្តែយ៉ាងណា បុរសជាប្តីរូបនេះ មិនធ្លាប់បង្កហិង្សាវាយដំប្រពន្ធរបស់ខ្លួននោះឡើយ។

ប្រភពដដែល បន្តថា លុះមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គេឃើញបុរសជាប្តី បានរអ៊ូរទាំដាក់ប្រពន្ធដែលកំពុងតែដាំបាយ ធ្វើម្ហូប នៅក្នុងផ្ទះ ជាច្រើនលើកច្រើនសា ដោយស្រែកខ្លាំងៗ ព្រមទាំងចោទប្រកាន់ប្រពន្ធថា កំពុងមានអ្នកថ្មី បម្រុងបែកបែរចេញពីខ្លួនជាប្តីទៀតផង។ លុះស្ត្រីជាប្រពន្ធ ស្តាប់ឮបែបនេះ ក្តៅឆេវ ក៏បានតបតទៅប្តីវិញទាំងសំឡេង និងសម្តីធ្ងន់ៗ ព្រោះតែទ្រាំមិនបាននឹងពាក្យចោទប្រកាន់របស់ប្តីថា ខ្លួនគ្មានប្រុសឈ្មោលឯណា ក្រៅពីប្តីនេះឡើយ ហើយបានគ្នាជាប្តីប្រពន្ធ ជិត៣០ឆ្នាំទៅហើយ មានទាំងកូន រហូតដល់ចៅទៀត នៅតែមិនជឿចិត្តប្រពន្ធ សង្ស័យចោទប្រកាន់ខុសរឿងមិនឈប់។

បន្ទាប់ពីត្រូវប្រពន្ធស្តីបន្ទោសដោយសម្តីខ្លាំងៗរួចមក បុរសជាប្តី បានលែងតបតមាត់អ្វីទាំងអស់ រួចក៏ដើរចូលទៅសម្ងំក្នុងបន្ទប់បាត់ឈឹងទៅ។ រហូតមកដល់វេលាម៉ោងកើតហេតុ ស្ត្រីជាប្រពន្ធ បានឮសំឡេងប្តីក្អួតចង្អោរតែម្នាក់ឯងនៅក្នុងបន្ទប់ ទើបនឹកសង្ស័យ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញបុរសជាប្តី កំពុងក្អួតបែកពពុះមាត់ទៅហើយ លុះសួរនាំ និងពិនិត្យមើលក្បែរនោះ ក៏ឃើញដបថ្នាំបាញ់ស្មៅ ទឹកខៀវ (ប្រភេទថ្នាំពុលខ្លាំងផលិតនៅប្រទេសថៃ) ទើបដឹងថា ប្តីរបស់ខ្លួនផឹកថ្នាំពុលសម្លាប់ខ្លួន ក៏ប្រញាប់ដឹកបញ្ជូនប្តី ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ភ្លាមៗតែម្តង។

ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះ ដោយលាងក្រពះ ជម្រះជាតិពុល រួចរាល់ហើយ ប៉ុន្តែគ្រូពេទ្យបានបង្ហើបប្រាប់ថា អាការរបស់ជនរងគ្រោះ ហាក់មានសង្ឃឹមតិចតួចណាស់ ព្រោះថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ជាថ្នាំពុលលេខ១ ផលិតនៅប្រទេសថៃ គ្រប់មនុស្សសត្វ ដែលផឹកថ្នាំពុលនេះហើយ គ្មានសង្ឃឹមរស់នោះទេ ព្រោះក្រោយពីជនរងគ្រោះផឹករួច ថ្នាំនោះនឹងជ្រាបចូលទៅកាត់សាច់ក្រពះ ពោះវៀន បណ្តាលឱ្យរលាកដំបៅ ដាច់សាច់ជាដុំៗ អាចនឹងស្លាប់ក្នុងពេលយូរឬឆាប់ អាស្រ័យទៅលើការផឹកតិចឬច្រើន។

យ៉ាងណា ពេលនេះ ក្រុមគ្រូពេទ្យកំពុងតាមដានអាការជនរងគ្រោះ យ៉ាងយកចិត្តទុកដាក់៕

RELATED ARTICLES