Friday, June 27, 2025
Homeព័ត៌មានជាតិប្តីតាមទាន់ប្រពន្ធរួមរ័កប្រុសថ្មី ដកកាំភ្លើងបាញ់ធ្លាយពោះ

ប្តីតាមទាន់ប្រពន្ធរួមរ័កប្រុសថ្មី ដកកាំភ្លើងបាញ់ធ្លាយពោះ

ខេត្តស្ទឹងត្រែង ៖ បុរសជាមន្ត្រីយោធាវ័យចំណាស់ ដែលបានដកកាំភ្លើងបាញ់ប្រហារប្រពន្ធ ១គ្រាប់ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង រួចចូលប៉ុស្តិ៍នគរបាល សារភាពកំហុសនោះ បានអះអាងថា មូលហេតុដែលខ្លួនបាញ់ប្រហារប្រពន្ធ ព្រោះខឹងខ្លាំងពេក ខណៈតាមទាន់ប្រពន្ធ កំពុងរួមរ័កជាមួយប្រុសថ្មី នៅលើខ្ទមចម្ការ។

គួរបញ្ជាក់ថា ហេតុការណ៍ប្តីដកកាំភ្លើងបាញ់ប្រហារប្រពន្ធព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។

ស្ត្រីរងគ្រោះដែលត្រូវប្តីរបស់ខ្លួនបាញ់ប្រហារ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់នោះ មានឈ្មោះពាន បួវៀន អាយុ៤៤ឆ្នាំ មុខរបរជាកសិករ (រងរបួសត្រង់ពោះខាងឆ្វេង)។ ចំណែកជនសង្ស័យជាប្តី ដែលចូលខ្លួនសារភាព និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះវៃ ឆោម អាយុ៧១ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការនៅអង្គភាពវរៈ៣៨២ ខេត្តព្រះវិហារ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។

លោកវរសេនីយ៍ឯក ជីម អេន អធិការនគរស្រុកសៀមប៉ាង បានបញ្ជាក់ថា ជនសង្ស័យជាប្តី ក្រោយពីបាញ់ប្រហារប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ហើយ ក៏បានជិះម៉ូតូចូលមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ច ដោយប្រគល់ខ្លួន និងកាំភ្លើងខ្លី ១ដើម ម៉ាក K54 លេខសម្គាល់ 1360 ជូនសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាង ក្រោយពីដឹងថាខ្លួនបង្កកំហុស និងសុខចិត្តទទួលទោសចំពោះមុខច្បាប់។

លោកអធិការស្រុកសៀមប៉ាង បានបញ្ជាក់បន្ថែមថា មូលហេតុនាំឱ្យបង្កអំពើហិង្សាទៅលើប្រពន្ធនេះ ដោយសារបុរសជាប្តី តាមទាន់ប្រពន្ធកំពុងរួមស្នេហ៍ជាមួយប្រុសថ្មី នៅលើខ្ទមចម្ការ។

យ៉ាងណា ទាក់ទងទៅនឹងរឿងនេះ សមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណបុរសដែលលួចសាងស្នេហ៍ជាមួយប្រពន្ធគេនោះទេ។ ចំណែកភាគីស្ត្រីរងគ្រោះជាប្រពន្ធ មិនទាន់អាចនិយាយបំភ្លឺបាននៅឡើយ ជុំវិញករណីខាងលើនេះ។

ជនសង្ស័យជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងបង្គាប់ឱ្យដាក់ពន្ធនាគារបណ្តោះអាសន្ន រង់ចាំការបើកសវនាការជំនុំជម្រះនៅពេលក្រោយ៕

RELATED ARTICLES