ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមេម៉ាយម្នាក់ តែងបណ្តើរកូនតូច ចំនួន៣នាក់ ត្រសងជារៀងរាល់ថ្ងៃ ដើម្បីទៅស៊ីឈ្នួលគេ និងដើររកក្តាមខ្យង យកមកហូបខ្លះ ទុកលក់ខ្លះ គ្រាន់បានប្រាក់ដោះស្រាយជីវភាព ស្រាប់តែអកុសល ស្ត្រីជាម្តាយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានអ្នកភូមិជួយស្រង់សព យកមកតម្កល់ក្នុងកូនខ្ទម និងមានត្រឹមតាអាចារ្យម្នាក់ ជួយអង្គុយយាមសព ខណៈដែលកូនតូចទាំង៣នាក់ គ្មានលទ្ធភាពធ្វើបុណ្យសព និងគ្មានប្រាក់ទិញមឈូសដាក់សពម្តាយឡើយ។

ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងក្រពើ ឃុំជប់ ស្រុកត្បូងឃ្មុំ។
ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ គឺជាស្ត្រីមេម៉ាយ មានកូនប្រុសតូចៗចំនួន៣នាក់ ប្រកបរបរដើរស៊ីឈ្នួលជួលព័ទ្ធគេនៅក្នុងភូមិ និងមានលំនៅក្នុងកូនខ្ទមចាស់មួយ ស្ថិតក្នុងភូមិកើតហេតុខាងលើ។
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ហ៊ុយ ស្រីហួច កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានបង្ហោះរូបថតចំនួន ៣សន្លឹក បង្ហាញទិដ្ឋភាពដ៏គួរឱ្យសោកសង្រេងរបស់ក្រុមគ្រួសារទុរគតមួយ ដែលម្តាយបានស្លាប់គ្របក្រណាត់សនៅក្នុងផ្ទះ និងមានតែតាអាចារ្យម្នាក់ អង្គុយកំដរសព ព្រោះតែកូនប្រុសតូចៗទាំង៣នាក់ គ្មានលទ្ធភាពធ្វើបុណ្យសព និងទិញមឈូសដាក់សពម្តាយរបស់ខ្លួននោះឡើយ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ម្តាយកូន ៤នាក់ ធ្លាប់តែដើរត្រសងទៅស៊ីឈ្នួលគេ ដើរទៅដើរមកកាត់មុខផ្ទះខ្ញុំ ពេលនេះម្តាយស្លាប់ដោយសារលង់ទឹក កាលពីយប់មិញនេះ ថ្ងៃទី២៦.០៨.២០២២ បន្សល់ទុកកូនតូចៗ៣នាក់ ឱ្យកំព្រា ពេលនេះសពគ្មានក្តារមឈូសដាក់ទេ លុយធ្វើបុណ្យក៏គ្មាន មានតែតាអាចារ្យម្នាក់ មកអង្គុយយាមសពជាមួយកូនៗ កូនៗ៣នាក់ រកតែលុយមួយរៀលជាប់ខ្លួន ក៏គ្មានដែរ។ ខ្ញុំនឹងជួយជាវក្តារមឈូសដាក់សព បើបងប្អូនមានសទ្ធា សូមចូលរួមជួយគ្នាផង បានជាងធ្វើបុណ្យ ៧វត្តទៀត។
សូមឱ្យដំណឹងនេះបានផ្សព្វផ្សាយដល់សប្បុរសជនផង បើបានឃើញ សូមចូលបុណ្យតាមសទ្ធាផង ផ្ទះបុណ្យសព នៅភូមិត្រពាំងក្រពើ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬចូលរួមតាមរយៈនាងខ្ញុំ ABA 000338770 huy sreyhuoch អេស៊ីលីដា 0963570056…”៕