Friday, June 27, 2025
Homeព័ត៌មានជាតិប៊ុត សីហា កែខ្លួនជាថ្មី ក្រោយប្រពន្ធរត់ចោល

ប៊ុត សីហា កែខ្លួនជាថ្មី ក្រោយប្រពន្ធរត់ចោល

ភ្នំពេញ ៖ តារាចម្រៀង ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ បានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយតារាចម្រៀងប្រុសរូបនេះបានដើរផ្លូវខុស ហើយមានរឿងអាស្រូវជាប់ខ្លួនជាច្រើន រហូតដល់ប្រពន្ធរត់ចោលនោះ ពេលនេះបានសម្រេចវិលចូលសិល្បៈវិញ ជាមួយនឹងការប្រកាសកែខ្លួនជាថ្មី។

          តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន លោកប៊ុត សីហា បានសូមទោសពុកម៉ែបងប្អូនដែលលោកបានធ្វើឲ្យខកចិត្តកន្លងមក ហើយលោកសូមឲ្យពុកម៉ែ បងប្អូន ជួយគាំទ្ររូបលោកម្តងទៀតផង។

          ជាមួយនឹងការប្រកាសវិលចូលសិល្បៈជាថ្មី លោកប៊ុត សីហា ក៏បានទម្លាយរឿងផ្ទាល់ខ្លួន ដែលត្រូវប្រពន្ធរត់ចោល ដោយលោកបានរៀបរាប់ថា “ខ្ញុំគ្មានអ្វីសោះ គ្មានគ្រប់យ៉ាង គ្មានសូម្បីតែកេរ្តិ៍ឈ្មោះ អ្នកក៏ចាកចេញទៅទាំងដែលកូនកំពុងពេញមឹម ព្រោះតែអ្នក ខ្ញុំចោលសិល្បៈ ចោលការខិតខំកន្លងមក តាមអ្នក មិនចេញបទថ្មី ក៏ព្រោះតាមអ្នក ដើម្បីកូន ដល់ខ្ញុំលែងល្បី លែងមានគ្រប់យ៉ាង រកស៊ីលែងទៅមុខ អ្នកដាក់មេផាយទៅយ៉ាងរលូន ដោយទុកកូនចោល។ ខ្ញុំរាងហើយស្រីស្អាតអើយ! ខ្ញុំស្តាយក្រោយណាស់! អរគុណម៉ែនិងបងៗដែលជួយមើលថែកូនខ្ញុំ (មេរៀនចងចាំ)“ ។

          “នគរធំ” មិនអាចទាក់ទងលោកប៊ុត សីហា ដើម្បីសុំការបញ្ជាក់បន្ថែមពីការសម្រេចចិត្តវិលចូលសិល្បៈនេះបានទេ កាលពីម្សិលមិញ ។

          ប៉ុន្តែបើតាមបុរសម្នាក់ ដែលអះអាងថាជាមិត្តភក្ដិ ធ្លាប់ធ្វើការងារជាមួយលោកប៊ុត សីហា មួយរយៈពេលខ្លី តែសុំមិនឲ្យបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ថា ជីវិតលោកប៊ុត សីហា មួយរយៈកន្លងមកនេះ ជួបការលំបាកខ្លាំងណាស់ ជាពិសេសនៅពេលដែលភរិយារបស់គាត់ បានសម្រេចទៅចោលគាត់និងកូនប្រុស គាត់គ្មានប្រាក់ទិញទឹកដោះគោឲ្យកូនប្រុសដែលទើបតែមានអាយុប្រហែល ៨ខែនោះបៅ និងឲ្យកូនតូច នៅជាមួយម្ដាយគាត់ មើលថែ ដែលធ្វើឲ្យលោកជាមិត្ត ពេលបានទៅដល់ផ្ទះគាត់ ឃើញជីវិតគាត់លំបាកបែបនេះ ពិតជាមានការអាណិតខ្លាំងណាស់ ប៉ុន្តែមិនដឹងជួយអ្វីបាន ក្រៅពីលើកទឹកចិត្តគាត់ និងនឹកមិនអស់ចិត្ត នៅពេលដែលគាត់ប្រាប់លោកថា តាំងពីពេលប្រពន្ធរបស់គាត់ រត់ទៅបាត់នោះ នាងមិនដែលបានផ្ដល់ដំណឺងអ្វីមកសួរសុខទុក្ខគាត់និងកូនទេ ក្រៅពីយកទូរស័ព្ទ យកលេខតេឡេក្រាម ប្រព័ន្ធបណ្ដាញសង្គមផ្សេងទៀត ទៅអស់ ធ្វើឲ្យអ្នកដែលស្គាល់គាត់ ពិបាកទាក់ទងគាត់ ឬមិនអាចទាក់ទងគាត់បាន ធ្វើឲ្យគាត់ត្រូវបាត់មុខពីសិល្បៈ បាត់មុខពីសង្គម និងបាត់មុខពីអ្នកគាំទ្រ តាំងពីពេលនោះមក ។ ប៉ុន្តែពេលនេះ លោកចូលរួមរីករាយសប្បាយចិត្តជាមួយដែរ នៅពេលដែលគាត់ប្រកាសចូលសិល្បៈវិញ ធ្វើជាមនុស្សល្អក្នុងសង្គម ហើយសង្ឃឹមថា ជីវិតគាត់នឹងបានល្អប្រសើរឡើងវិញ នៅក្នុងវិស័យសិល្បៈនេះទៅចុះ ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការរស់នៅ និងចិញ្ចឹមកូនប្រុសរបស់គាត់ឲ្យបានធំធាត់ បើទោះបីអត់មានម្ដាយគេនៅក្បែរ មើលថែក៏ដោយ ។

          គួរបញ្ជាក់ថា លោកប៊ុត សីហា គឺជាជ័យលាភីកម្មវិធី The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៤ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស ។ កាលនោះ រូបគេមានប្រជាប្រិយភាពយ៉ាងខ្លាំង និងកេរ្តិ៍ឈ្មោះល្បីពេញប្រទេស ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួនច្រើនដែរ នៅក្នុងផលិតកម្មរស្មីហង្សមាស ។ ប៉ុន្តែមិនបានប៉ុន្មាន កេរ្តី៍ឈ្មោះដ៏ក្រអូបសាយរបស់លោក ត្រូវបានរលាយសាបសូន្យទៅវិញ ត្រឹមមួយប៉ប្រិចភ្នែក ដោយសារដើរខុសផ្លូវ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលលោកកំពុងធ្វើដំណើរតាមដងផ្លូវ។ ប៉ុន្តែនៅពេលសាកសួរ រកឃើញថា លោកគ្រាន់តែពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន នៅពេលនោះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន ។ បន្ទាប់ពីនោះមក លោកក៏ស្ងប់ស្ងាត់បាត់មុខពីវិស័យសិល្បៈ ហើយក៏មានព័ត៌មានថា លោកត្រូវប្រពន្ធចោលទៀត ។

          ដោយឡែក ពេលនេះ លោកប៊ុត សីហា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងរូបនេះ បានបង្ហាញពីគោលបំណងរបស់ខ្លួនថា នឹងត្រឡប់មកប្រឡូកវិស័យសិល្បៈជាថ្មី ហើយសូមទោសមហាជនចំពោះរឿងរ៉ាវកន្លងទៅ ដែលលោកបានធ្វើឲ្យមហាជនខកបំណង ៕ កុលបុត្រ

RELATED ARTICLES