ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ឈ្លោះគ្នា ត្រូវស្ត្រីជាប្រពន្ធទាញកាំបិតចាក់ប្តី តែចៃដន្យអាក្រក់ ឪពុកឃើញ បានចូលទៅឃាត់ ត្រូវកូនស្រីបង្កើត ជ្រុលចាក់ ៣កាំបិត បណ្តាលឱ្យស្លាប់។ ករណីនេះ បានកើតឡើងកាលពីឆ្នាំ២០២១ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី សម្រេចប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឱ្យបុរសជាប្តី រួចផុតពីបទចោទ ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់ ១៣ខែ។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះហេង សៅរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាទាហានជើងទឹក និងទី២-ឈ្មោះប៊ុន សូហ្វែរ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។ អ្នកទាំង២ ជាប្តីប្រពន្ធ និងបានជាប់ចោទពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនរងគ្រោះ មានឈ្មោះប៊ុន សុវណ្ណា អាយុ៦០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនជាប់ចោទឈ្មោះប៊ុន សូហ្វែរ និងត្រូវជាឪពុកក្មេករបស់ជនជាប់ចោទឈ្មោះហេង សៅរស្មី។
លោកស្រី ឈុន ដាវី បានកំណត់ឱ្យស្ត្រីឈ្មោះ ប៊ុន សូហ្វែរ ដែលជាកូនបង្កើតរបស់ជនរងគ្រោះ ជាប់ពន្ធនាគាររយៈពេល ១៣ខែ ក្រោមបទចោទ “ឃាតកម្ម” តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកបុរសជាប្តី ឈ្មោះហេង សៅរស្មី ត្រូវរួចផុតពីបទចោទ។
គួររំលឹកថា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចផ្ទះល្វែង មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដោយប្តីប្រពន្ធ ២នាក់ តែងកើតមានជម្លោះនឹងគ្នាជាញឹកញាប់ ដោយសារតែភ្លើងប្រចណ្ឌ លុះក្រោយមក ជម្លោះកាន់តែក្តៅ ក៏ឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ដោយស្ត្រីជាប្រពន្ធ បានស្ទុះទៅទាញកាំបិតសាំងគីម ដេញចាក់ប្តី លុះឪពុកបង្កើតឃើញ ក៏ចូលទៅឃាត់ និងព្យាយាមប្រតាយប្រតប់គ្នាទាំង៣នាក់ (ឪពុក កូនស្រី និងកូនប្រសាប្រុស) ដើម្បីដណ្តើមយកកាំបិត ស្រាប់តែអកុសល កាំបិតបានចាក់ត្រូវបុរសជាឪពុក ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែដោយសារស្ថានភាពរបួសធ្ងន់ខ្លាំងពេក ទើបបុរសជាឪពុក បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានឈ្លោះប្រកែកគ្នា រឿងប្រពន្ធប្រចណ្ឌប្តីថា មានស្រីលួចលាក់ខាងក្រៅ រហូតកើតជាជម្លោះហិង្សា វាយតប់គ្នា។ ដោយឮសូរសម្រែកឈ្លោះ ជេរនិងវាយតប់គ្នា ទើបបុរសចំណាស់ជាឪពុក បានចូលទៅចាប់ឃាត់កូនៗ កុំឱ្យឈ្លោះគ្នាបន្តទៀត ប៉ុន្តែស្របពេលជាមួយគ្នានោះ ស្ត្រីជាប្រពន្ធ បានស្ទុះទៅយកកាំបិតសាំងគីម ពីក្បាលដំណេក យកទៅចាក់បុរសជាប្តី តែត្រូវឪពុកនិងប្តី ស្ទុះទៅចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិត ជាហេតុធ្វើឱ្យជ្រុលដៃ ចាក់ទៅលើឪពុក ជាច្រើនកន្លែង ហូរឈាមស្រោចខ្លួន រងរបួសយ៉ាងធ្ងន់។
ប្រភពដដែល បន្តថា ភ្លាមៗនោះ ប្តីប្រពន្ធទាំង២នាក់ បានប្រញាប់ដឹកឪពុក បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ដើម្បីសង្គ្រោះដែរ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបពេលដឹកទៅដល់មន្ទីរពេទ្យ បុរសជាឪពុក ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីបុរសជាឪពុកស្លាប់ ប្តីប្រពន្ធទាំង២ បានដឹកឪពុកត្រឡប់ទៅផ្ទះវិញ ហើយស្ត្រីជាកូនស្រីបង្កើត ក៏បានរាយការណ៍ជូនសមត្ថកិច្ច ប្រាប់ពីដំណើររឿងហេតុដែលបានកើតឡើង។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងនគរបាលជំនាញកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការ សាកសួរ និងពិនិត្យសពបុរសជាឪពុក។
លោកបន្តថា តាមការធ្វើកោសល្យវិច័យ ពិនិត្យជាក់ស្តែង ឃើញថា សពជនរងគ្រោះ គឺត្រូវចាក់ ៣កាំបិត និងចំ៣កន្លែងលើដងខ្លួនផ្សេងៗគ្នា ក្នុងនោះត្រូវចង្កេះខាងឆ្វេង ១កាំបិត ពោះ ១កាំបិត និងដើមទ្រូង ១កាំបិត ធ្វើឱ្យជនរងគ្រោះបាត់បង់ឈាមច្រើនពេក រហូតដល់ដាច់ ខ្យល់ស្លាប់តែម្តង។
លោកនាយប៉ុស្តិ៍ បន្តទៀតថា បន្ទាប់ពីបានស្តាប់ដំណើររឿងរួចមក សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ព្រោះករណីនេះ ត្រូវបានចាត់បញ្ចូលជាអំពើឃាតកម្ម។
ដោយឡែកសពជនរងគ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជុំវិញករណីនេះដែរ លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺមានសមាជិករស់នៅតែ ៤នាក់ប៉ុណ្ណោះ ក្នុងនោះមានប្តីប្រពន្ធ ជាជនសង្ស័យទាំង២នាក់ខាងលើ បុរសជាឪពុក (ជនរងគ្រោះ) និងកូនស្រីបង្កើតម្នាក់ទៀត ដែលទើបនឹងមានអាយុ១៤ឆ្នាំ។
លោកអធិការរង បន្តថា បុរសរងគ្រោះ បានលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធ យូរឆ្នាំទៅហើយ ដោយចំណងជីវិតគូរបស់ពួកគាត់ បានបន្សល់នូវកូនស្រី ៤នាក់ ក្នុងនោះ ពេលលែងលះគ្នា កូនស្រីម្នាក់ ត្រូវបានម្តាយយកទៅរស់នៅជាមួយ ហើយម្នាក់ទៀត មានគ្រួសារហើយ ក៏បានបែកផ្ទះចេញទៅបាត់ នៅសល់តែ២នាក់ ដែលក្នុងនោះ ម្នាក់ជាជនសង្ស័យខាងលើ និងម្នាក់ទៀតជាទើបអាយុ១៤ឆ្នាំ ។
ដោយឡែក យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងដែលរស់នៅក្បែរគ្នា បានបង្ហើបប្រាប់ថា ប្តីប្រពន្ធទាំង២នាក់ គឺឧស្សាហ៍មានជម្លោះជាមួយគ្នាញឹកញាប់ណាស់ មិនថាយប់ ឬថ្ងៃឡើយ ប៉ុន្តែកន្លងទៅ មិនដែលមានរឿងរ៉ាវធ្ងន់ធ្ងរដូចលើកចុងក្រោយនេះឡើយ៕