Thursday, June 26, 2025
Homeព័ត៌មានជាតិកូនងូតទឹកសមុទ្របាត់ខ្លួន ម៉ែអុជធូបបន់ ២ម៉ោង រកឃើញសព

កូនងូតទឹកសមុទ្របាត់ខ្លួន ម៉ែអុជធូបបន់ ២ម៉ោង រកឃើញសព

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសចំនួន ៣នាក់ បាននាំគ្នាចុះទៅលេងទឹកសមុទ្រ យ៉ាងសប្បាយក្អាកក្អាយ ស្របពេលដែលអាកាសធាតុអួអាប់ ខ្យល់បោកបក់ខ្លាំង ធ្វើឱ្យមានរលកសមុទ្រធំៗ បោកលិចក្មេងប្រុសម្នាក់ បាត់ខ្លួនក្នុងផ្ទៃសមុទ្រ  បង្កឱ្យមានការផ្អើលឆោឡោដល់ស្ត្រីជាម្តាយ ក្មេងប្រុសរងគ្រោះ មកអង្គុយទួញយំលើឆ្នេរសមុទ្រ អុជធូបបន់ស្រន់ អស់រយៈពេលប្រមាណ២ម៉ោង ទើបសមត្ថកិច្ចចម្រុះ តាមស្វែងរកសពកូនប្រុសឃើញ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផែអណ្តែតចុងឆ្នេរអារីស្តុន (ជិតភ្នំ៣៩) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកសមុទ្រស្លាប់ មានឈ្មោះធី ជូរី អាយុ១១ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះយួន គន្ធី មុខរបរបុគ្គលិកសណ្ឋាគារសុខា និងមានឪពុកឈ្មោះជីន សុធី មុខរបរលក់ដូរ មានលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះនិងមិត្តភក្តិ ២នាក់ទៀត បាននាំគ្នាមកចុះលេងទឹកសមុទ្រ នៅត្រង់ចំណុចកើតហេតុខាងលើ លុះពេលកំពុងលេងទឹកយ៉ាងសប្បាយក្អាកក្អាយ អាកាសធាតុស្រាប់តែប្រែទៅជាអួអាប់ មេឃងងឹត ខ្យល់បោកបក់ខ្លាំង ធ្វើឱ្យមានរលកសមុទ្រធំៗ លុះបន្តិចក្រោយមក ក្មេងប្រុសរងគ្រោះ ក៏ត្រូវរលកសមុទ្របោកលិចបាត់ខ្លួនតែម្តង ទើបធ្វើឱ្យក្មេងប្រុស២នាក់ទៀតដែលជាមិត្តភក្តិចុះលេងទឹកសមុទ្រជាមួយគ្នា ភ័យឆោឡោ រត់ទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះ និង រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ភ្លាមៗនោះ មានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង នគរបាលចរាចរណ៍ផ្លូវទឹក កម្លាំងនគរបាលទេសចរណ៍ ក្រុមអាជីវកម្មម៉ូតូទឹក បានចុះមកដល់ទីតាំងកើតហេតុ ស្វែងរកក្មេងប្រុសរងគ្រោះ ពេញផ្ទៃសមុទ្រ នៅតែមិនប្រទះឃើញ។ បន្ទាប់មក ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានមកអង្គុយទួញយំនៅឆ្នេរសមុទ្រ ព្រមទាំងយកចេក ១ស្និត ធូប១ដុំ មកអុជបន់ស្រន់ ដើម្បីឱ្យរកឃើញកូនប្រុសឆាប់ៗ។ លុះក្រោយពីកម្លាំងចម្រុះ បន្តស្វែងរករហូតដល់ម៉ោង ៥ៈ៣០នាទីល្ងាច ពោលគឺរយៈពេលប្រមាណ ២ម៉ោងក្រោយមក ទើបប្រទះឃើញសពក្មេងប្រុសរងគ្រោះ និងស្រង់ឡើងមកលើគោក។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់ឱ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES