ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រីតូចៗ ២នាក់ ត្រូវបានឪពុកម្តាយយកមកផ្ញើឱ្យជីដូនជួយមើលថែ ព្រោះរវល់ការងាររៀងខ្លួន លុះស្ត្រីជាជីដូនរវល់ភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែចៅទាំង២នាក់ បាននាំគ្នាដើរលេងបាត់ រួចចុះទៅលេងទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ក្នុងក្រុមទី១៧ ភូមិតានី ឃុំល្វា ស្រុកបវេល។
ក្មេងប្រុសស្រីរងគ្រោះទាំង ៣នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះណាំង ស្រីនិច្ច ភេទស្រី អាយុ៥ឆ្នាំ និងទី២-ឈ្មោះរតនា ប៊ុនថៃ ភេទប្រុស អាយុ៤ឆ្នាំ។ ក្មេងទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយ និងមានលំនៅក្នុងភូមិតានី ឃុំល្វា ស្រុកបវេល ជាមួយគ្នា។
តាមសម្តីបុរសឈ្មោះអ៊ូច សៀន អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាជីតាបង្កើតរបស់ក្មេងរងគ្រោះ ទាំង ២នាក់ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ២និង៣០នាទីរសៀល ខណៈដែលគាត់កំពុងតែឃ្វាលគោ នៅស្រែខាងកើតផ្ទះ ស្រាប់តែប្រពន្ធរបស់គាត់ ឈ្មោះអឿ ឈុន អាយុ៤១ឆ្នាំ បានទូរស័ព្ទមកប្រាប់ថា បាត់ចៅប្រុសស្រីទាំង២នាក់ហើយ។ ឮបែបនេះ គាត់ក៏បានរត់មកផ្ទះ ជួយរកចៅ លុះរករហូតដល់មាត់ស្រះ ចម្ងាយពីផ្ទះ ប្រហែល១០ម៉ែត្រ ក៏ឃើញស្បែកជើងនៅមាត់ស្រះ ទើបសង្ស័យ ក៏ចុះមុជរាវរកក្នុងទឹកស្រះ បានប្រហែល ២០នាទី ក៏រាវរកឃើញចៅទាំង២នាក់ និងប្រញាប់ស្រង់យកមកធ្វើចលនា និងបញ្ជូនបន្តទៅមន្ទីរពេទ្យឃុំល្វា ស្រុកបវេល ដើម្បីសង្គ្រោះភ្លាមៗដែរ ប៉ុន្តែពេទ្យបានប្រាប់ថាចៅរបស់គាត់ទាំង២នាក់ បានស្លាប់បាត់អស់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុ និងសពក្មេងរងគ្រោះទាំង២នាក់ រួចបញ្ជាក់ថា ក្មេងទាំង២នាក់ ពិតជាលង់ទឹកស្រះស្លាប់ប្រាកដមែន។
សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕