ខេត្តកោះកុង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ធ្លាប់កើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្មេងស្ទាវឈាមរាវម្នាក់ រហូតធ្វើឱ្យខាងក្មេងស្ទាវចងគំនុំក្នុងចិត្ត លុះឃើញឱកាសល្អ ក៏ចូលមកចាក់ប្រហារស្ត្រីចំណាស់ជាអតីតគូទំនាស់ ចំនួន២កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ ចំណែក ជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

ជនបង្កហេតុដែលចាក់ស្ត្រីចំណាស់បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឿន ផានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករបើកឡានដឹកទឹកកក មានលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះហឿន ឈីម ភេទស្រី អាយុ៥២ឆ្នាំ បច្ចុប្បន្នមានលំនៅ ភូមិជាមួយគ្នា រងរបួសចំនួន ២កន្លែង ត្រូវប្រអប់ដៃខាងស្តាំមួយកន្លែង ត្រូវកំភួនដៃខាងស្តាំ មួយកន្លែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក រវាងស្ត្រីរងគ្រោះ និងជនសង្ស័យ ធ្លាប់កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតធ្វើឱ្យខាងជនសង្ស័យមានកំហឹង ចងគំនុំក្នុងចិត្តទៀតផង។ លុះមកដល់វេលាម៉ោងកើតហេតុ ដោយមានឱកាសល្អ ជនសង្ស័យ ក៏បានធ្វើសកម្មភាពយក កាំបិតកៃចុងស្រួច ប្រវែង ២៤សង់ទីម៉ែត្រ ចាក់ទៅលើស្ត្រីរងគ្រោះឈ្មោះហឿន ឈីម បណ្តាលឱ្យរងរបួសធ្ងន់ ចំនួន២កន្លែង ត្រូវប្រអប់ដៃខាងស្តាំ មួយកន្លែង និងត្រូវកំភួនដៃខាងស្តាំមួយកន្លែង។

ក្រោយកើតហេតុ ស្ត្រីចំណាស់ជាជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។
ដោយឡែក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕