ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនដៃដល់ជាឃាតករសម្លាប់ពន្ធ កាត់ក្បាល ក្រោមការចោទប្រកាន់ពីបទឃាតកម្ម ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះ នៅពេលក្រោយ។

ជនដៃដល់ មានឈ្មោះភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និងមានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានរៀបរាប់ពីដំណើរឿងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការគ្នាស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឃាតកម្ម “ប្រើកាំបិតប៉័ងតោ កាត់ក្បាលសម្លាប់ជនរងគ្រោះជាប្រពន្ធ”។

ជនដៃដល់ ត្រូវឃាត់ខ្លួនបាន នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បន្ទាប់ពីជននេះបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ បន្ទប់ជួលលេខ០៧ ជាន់ទី១ ផ្លូវលេខ៥៣០ ក្រុមទី១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ទូរស័ព្ទដៃ ២គ្រឿង ម៉ាក iPhone6 ពណ៌ទឹកមាស និងម៉ាក iPhone5 ពណ៌ខ្មៅ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-7276។

កាលពីដើមឆ្នាំ២០២០ ជនដៃដល់ឈ្មោះភួង រដ្ឋា បានស្រលាញ់គ្នា និងយកគ្នាជាប្តីប្រពន្ធជាមួយឈ្មោះលី ស្រីនុច (ស្ត្រីរងគ្រោះ) ដោយមិនបានរៀបអាពាហ៍ពិពាហ៍ទេ ដោយបង្កើតបានចំណងដៃកូនប្រុសម្នាក់ឈ្មោះវ៉ៃ យុ អាយុជាង១ខួប។ លុះមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៦ព្រលប់ ជនសង្ស័យឈ្មោះ ភួង រដ្ឋា និងប្រពន្ធ ឈ្មោះលី ស្រីនុច នៅក្នុងបន្ទប់ជាមួយគ្នា ដោយសារតែភ្លើងប្រចណ្ឌ និងខ្លាចប្រពន្ធរត់ចោលខ្លួនដូចប្រពន្ធទី១ ឈ្មោះ ឆ.ស.វ ទៀតនោះ (ជនសង្ស័យធ្លាប់មានប្រពន្ធម្តងរួចមកហើយ តែត្រូវបានប្រពន្ធរត់ចោល) ហេតុនេះ ដោយជនដៃដល់មានអារម្មណ៍ខឹងប្រពន្ធខ្លាំងពេក ចោទប្រកាន់ប្រពន្ធថា ផិតក្បត់ខ្លួន បម្រុងរត់ចោល។ លុះមកដល់ម៉ោងប្រហែល ៦និង៣០នាទីព្រលប់ ថ្ងៃដដែល នៅពេលដែលជនរងគ្រោះកំពុងលេងទូរស័ព្ទដៃ មើលហ្វេសប៊ុក ស្រាប់តែជនសង្ស័យបានយកកាំបិតប៉័ងតោ ពីចង្ក្រានបាយ យកមកធ្វើសកម្មភាពកាត់ក្បាលរបស់ជនរងគ្រោះខាងក្រោយ បណ្តាលឱ្យដាច់ក្បាលចេញពីដងខ្លួន ហូរឈាមស្រោចស្លាប់ នៅនឹងកន្លែង។

ក្រោយពេលសម្លាប់ប្រពន្ធរួច ជនដៃដល់ ក៏បានយកក្បាលប្រពន្ធដាក់ក្នុងបាវដាក់អង្ករ ដែលមានអង្ករក្នុងបាវនោះប្រហែលចំនួន៥គីឡូក្រាម រួចហើយជនដៃដល់ ក៏បានចាក់សោបន្ទប់ហើយយកបាវអង្ករដែលដាក់ក្បាលប្រពន្ធ យួរដើរតាមជណ្តើរ មកក្រោមជាន់ផ្ទាល់ដី។ ពេលនោះ ក៏មានសាក្សីឈ្មោះមន ស្រីល័ក្ខ ភេទស្រី អាយុប្រហែល២០ឆ្នាំ ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានសួរជនសង្ស័យថា “បងក្នុងបាវមានអី?” ពេលនោះជនដៃដល់បានសួរទៅឈ្មោះស្រីល័ក្ខ ថា “យកឬអត់?” រួចហើយជនដៃដល់ បានចង្អុលក្បាលរបស់គេ (ក្បាលជនដៃដល់) នៅចំពោះមុខឈ្មោះមន ស្រីល័ក្ខ ដែលបង្កប់ន័យថា ក្នុងបាវនោះ គឺជាក្បាលមនុស្ស ប៉ុន្តែឈ្មោះ មន ស្រីល័ក្ខ មិនចាប់អារម្មណ៍ទេ។ ក្រោយពីនិយាយគ្នាចប់ ឈ្មោះមន ស្រីល័ក្ខ ក៏ចូលទៅក្នុងបន្ទប់គេ បិទទ្វារទៅ ចំណែកជនដៃដល់ ក៏បានយកបាវដាក់ក្បាលប្រពន្ធ យកមកទុកចោលនៅក្បែរម៉ាស៊ីនបោកខោអាវរបស់ម្ចាស់ផ្ទះជួល នៅក្បែរជណ្តើរឡើងជាន់ផ្ទាល់ដី រួចជនដៃដល់ ក៏ឡើងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-7276 គេចខ្លួនទៅស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដើម្បីលាក់ខ្លួន។
លុះមកដល់វេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ជនដៃដល់ បានជិះគេចខ្លួនមកដល់ផ្លូវជាតិលេខ០៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណង់គេចខ្លួនទៅខេត្តកំពង់ឆ្នាំង ក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួន រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០១២ ជនដៃដល់បានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយប្រពន្ធទី១- ឈ្មោះឆ.ស អាយុ៣១ឆ្នាំ រស់នៅស្រុកជុំគិរី ខេត្តកំពត ដោយបានបង្កើតកូនស្រីម្នាក់ឈ្មោះ ម.រ.វ អាយុ០៨ឆ្នាំ។ ជនដៃដល់បានយកប្រពន្ធទី១ របស់ខ្លួន មករស់ជាមួយម្តាយ នៅខេត្តតាកែវ ប៉ុន្តែដោយសារតែជនដៃដល់បានប្រើប្រាស់គ្រឿងញៀន និងដើរលេងល្បែងហ្គេមបាញ់ត្រី មិនសូវចូលផ្ទះ ទើបប្រពន្ធទ្រាំមិនបាន ក៏នាំកូនស្រីរត់ចោលបាត់ទៅ លុះនៅពេលបានជួបជាមួយជនរងគ្រោះ លី ស្រីនុច (ស្ត្រីរងគ្រោះ) ក៏ស្រឡាញ់ រស់នៅជាមួយគ្នាដោយមិនបានរៀបការ ប៉ុន្តែដោយសារការប្រចណ្ឌ ខឹងប្រពន្ធ ខ្លាចរត់ចោលខ្លួនដូចប្រពន្ធមុនទៀត ទើបកើតចិត្តខឹង ក៏យកកាំបិតប៉័ងតោ សម្លាប់ប្រពន្ធ កាត់ក្បាលតែម្តង៕