Friday, May 9, 2025
Homeសង្គម និងជីវិតភ្លៀងមួយមេធំ រលំដើមឈើសង្កត់ឡាន១គ្រឿង

ភ្លៀងមួយមេធំ រលំដើមឈើសង្កត់ឡាន១គ្រឿង

ភ្នំពេញ ៖ ភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យដើមក្ងោកដ៏ធំមួយដើម រលើងទាំងឫស រលំសង្កត់លើរថយន្ត ១គ្រឿង ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចខាងមុខអាហារដ្ឋាន យ៉ាំមី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាម្ចាស់រថយន្តរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA Vitz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK-2865 បើកទៅឈប់ចតក្បែរដើមក្ងោកដ៏ធំមួយដើមនោះ រួចក៏បានចូលទៅញ៉ាំអាហារ នៅក្នុងអាហារដ្ឋានខាងលើ។

ស្ត្រីម្ចាស់រថយន្ត បន្តថា លុះបន្តិចក្រោយមក ស្រាប់តែមេឃបានធ្លាក់ភ្លៀងមួយមេ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង ធ្វើឱ្យដើមក្ងោកដ៏ធំមួយដើមនោះ ក៏បានរលើងទាំងឫស រលំសង្កត់លើរថយន្តរបស់គាត់ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ មានអាជ្ញាធរមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងបានកាត់លះមែកដើមក្ងោកនោះ យកចេញពីលើរថយន្ត ដើម្បីឱ្យម្ចាស់រថយន្តយករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនទទួលបានសំណងអ្វីទាំងអស់៕

RELATED ARTICLES