Friday, May 9, 2025
Homeសង្គម និងជីវិតច្នៃផាវបោកត្រី ផ្ទុះដាច់ដៃ២នាក់

ច្នៃផាវបោកត្រី ផ្ទុះដាច់ដៃ២នាក់

ខេត្តបាត់ដំបង ៖ បុរស២នាក់ បាននាំគ្នាធ្វើការកែច្នៃជាតិផ្ទុះ (ផាវ) បំណងយកទៅបោកក្នុងទឹក យកត្រី ស្រាប់តែអកុសល ភ្លាត់ស្នៀតផ្ទុះរបួសធ្ងន់ទាំង២នាក់ ដោយម្នាក់ ដាច់ដៃម្ខាងត្រឹមកដៃ ចំណែកម្នាក់ទៀត រងរបួសត្រង់ភ្នែក និងជើង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត។

ជនរងគ្រោះទាំង២នាក់ ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះផាវខាងលើ ទី១-ឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង) និងទី២-ឈ្មោះសុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំ និងភ្នែកខាងឆ្វេង)។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់ថា ក្នុងគ្រោះថ្នាក់ផាវកែច្នៃសម្រាប់បោកត្រីនេះ បានបង្កឱ្យបុរសចំនួន ២នាក់ រងរបួស ក្នុងនោះ បុរសរងគ្រោះឈ្មោះមឿន ពិសិទ្ធ រងរបួសធ្ងន់ជាងគេ ដោយដាច់ដៃខាងឆ្វេងម្ខាង ត្រឹមកដៃ។ ចំណែកបុរសរងគ្រោះឈ្មោះសុត សឿន របួសដៃនិងជើងខាងស្តាំ ព្រមទាំងភ្នែកខាងឆ្វេងផងដែរ។

លោកអធិការ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ គឺបង្កឡើងដោយសារតែជនរងគ្រោះទាំង២នាក់ បាននាំគ្នាធ្វើការកែច្នៃរំសេវ (ផាវ) ដើម្បីយកទៅបោកត្រី ខុសលក្ខណៈបច្ចេកទេស ទើបនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងបែបនេះ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

ជុំវិញករណីខាងលើ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកែច្នៃផាវ ជាគ្រឿងផ្ទុះ ខុសបច្ចេកទេស ដូចករណីខាងលើនេះ ដែលអាចបង្កឲ្យកើតមានគ្រោះថ្នាក់ដល់ អាយុជីវិត៕

RELATED ARTICLES