ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចខ្ចីម៉ូតូ ១គ្រឿង ពីអ្នកស្គាល់គ្នាជិះ ដោយប្រាប់ថា ទៅរកហូបអីបន្តិច លុះបានម៉ូតូដល់ដៃ ក៏បែកគំនិតយកទៅដាក់បញ្ចាំ យកលុយដើរស៊ីចាយ ទីបំផុតម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានទាំងជនសង្ស័យ និងអ្នកទទួលបញ្ចាំម៉ូតូ ព្រមទាំងដកហូតម៉ូតូ ចំនួន៩គ្រឿងទៀតផង។

ករណីរំលោភទំនុកចិត្ត ( ខ្ចីម៉ូតូគេទៅដាក់បញ្ចាំ) នេះ កើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ លុះមកដល់វេលាម៉ោង ៣និង១៣នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៉េ សីហា ហៅខ្វាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរំចេក៤ សង្កាតរតនៈ ក្រុងបាត់ដំបង (អ្នកយកម៉ូតូទៅបញ្ចាំ) និងទី២-ឈ្មោះអ៊ូច សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរទទួលបញ្ចាំ មានលំនៅ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង (ជាអ្នកទទួលម៉ូតូបញ្ចាំ)។ រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ ចំនួន៩គ្រឿង (ម៉ាកហុងដា ឌ្រីម ១២៥ ចំនួន៦គ្រឿង និងម៉ាកហុងដា ស្កុបពី ចំនួន៣គ្រឿង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង១៣នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំ ការិយាល័យនគរបាលព្រហ្ម

ទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (បញ្ចាំម៉ូតូ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ។

ប្រភពដដែល បន្តថា ដំណើររឿងដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺកាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជនសង្ស័យឈ្មោះប៉េ សីហា បានខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះខៀវ សុថា ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ទៅហូបអី តែពេលខ្ចីម៉ូតូបានហើយ ក៏យកទៅបញ្ចាំនឹងឈ្មោះអ៊ូច សារ៉ន ដោយគ្មានឯកសារអ្វីទាំងអស់។

ដោយឃើញសកម្មភាពរបស់ជនសង្ស័យបែបនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចនាំទៅដល់កន្លែងទទួលបញ្ចាំ ឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតម៉ូតូរបស់ជនរងគ្រោះ រួមនិងម៉ូតូពាក់ព័ន្ធផ្សេងទៀត សរុបចំនួន៩គ្រឿង។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែក ម៉ូតូរបស់ជនងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើម យកទៅប្រើប្រាស់វិញរួចរាល់ហើយ៕