Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបងប្អូន២នាក់ យកគោយន្តភ្ជួរដីតំបន់ហាមឃាត់

វ៉ៃខ្នោះបងប្អូន២នាក់ យកគោយន្តភ្ជួរដីតំបន់ហាមឃាត់

ខេត្តកំពង់ឆ្នាំង ៖ បុរស ២នាក់បងប្អូន ត្រូវបានកម្លាំងអាវុធហត្ថ សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ខណៈដែលបុរសទាំងពីរនាក់ យកគោយន្តកន្ត្រៃ ១គ្រឿង ចូលភ្ជួរលើដីតំបន់៣ ដែលដែលជាតំបន់ហាមឃាត់។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ថា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ដែលមានរូបលោកផ្ទាល់ជាអ្នកដឹកនាំ និងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន

នគរបាលខេត្ត ដឹកនាំដោយលោកជិន សុផាត ប្រធានការិយាល័យ បានចុះទៅឃាត់ខ្លួនបុរសពីរនាក់ និងគោយន្តកន្ត្រៃ ១គ្រឿង កំពុងធ្វើសកម្មភាពភ្ជួរដីក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ នៅចំណុចអូរដូនជ្រាប និងអូរ កំពឹស ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួន ទី១-ឈ្មោះគួន ស្រេង អាយុ៣៧ឆ្នាំ និងទី២-ឈ្មោះគួន សុគុណ អាយុ៣០ឆ្នាំ អ្នកទាំងពីរជាបងប្អូននឹងគ្នា និងរស់នៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

ពួកគេទាំង២នាក់ បានយកគោយន្តកន្ត្រៃ ១គ្រឿង ចូលភ្ជួរដីក្នុងតំបន់៣ អស់ចំនួនកន្លះហិកតារ លើផ្ទៃដី ៨ហិកតារ ដែលពួកគេបានប្រគល់ជូនរដ្ឋវិញ កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងពេលឃាត់ខ្លួនបុរសទាំង២នាក់ ខាងលើនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាង មានគោយន្ត កន្ត្រៃ ១គ្រឿង។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងចាត់ការបន្ត។ ចំណែកវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំរោងសែន៕

RELATED ARTICLES