Saturday, May 3, 2025
Homeសង្គម និងជីវិតប្តីប្រពន្ធខ្លាចម៉ែបំបែកបំបាក់ស្នេហា ផឹកថ្នាំពុលសម្លាប់ខ្លួនជាមួយគ្នា

ប្តីប្រពន្ធខ្លាចម៉ែបំបែកបំបាក់ស្នេហា ផឹកថ្នាំពុលសម្លាប់ខ្លួនជាមួយគ្នា

ខេត្តប៉ៃលិន ៖ បុរសស្ត្រីជាប្តីប្រពន្ធ២នាក់ បានធ្វើចំណាកស្រុកចេញមករស់នៅខេត្តប៉ៃលិនអស់រយៈពេល ១០ឆ្នាំមកហើយ លុះក្រោយមក ដោយសារតែស្ត្រីជាប្រពន្ធ មានសុខភាពខ្សោយ ឧស្សហ៍ឈឺ ទើបឪពុកម្តាយក្មេក

បានទូរស័ព្ទមកបុរសជាប្តី ដែលត្រូវជាកូនប្រសា ប្រាប់ថាឱ្យនាំប្រពន្ធទៅស្រុកកំណើតវិញ ស្រាប់តែបុរសជាប្តី នឹកស្មានថា ឪពុកម្តាយចង់បំបែកបំបាក់ប្តីប្រពន្ធខ្លួន ក៏បបួលប្រពន្ធផឹកថ្នាំពុល បំណងសម្លាប់ខ្លួនជាមួយគ្នា បណ្តាលឱ្យពុល

និងត្រូវបានអ្នកជិតខាងដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធក៏បានដាច់ខ្យល់ស្លាប់ ចំណែកបុរសជាប្តី កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

ករណីពីរនាក់ប្តីប្រពន្ធបបួលគ្នាផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ០៨និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិអូរតាវៅ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ ដែលបបួលគ្នាផឹកថ្នាំពុលសម្លាប់ខ្លួននោះ ទី១-ឈ្មោះប៉ន់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ត្រូវជាប្តី និងទី២-ឈ្មោះមាស នី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធ។ ទាំងពីរនាក់ប្តីប្រពន្ធខាងលើ ជាជនចំណាកស្រុកមករស់នៅក្នុងខេត្តប៉ៃលិន អស់រយៈពេល ១០ឆ្នាំមកហើយ និងមានកូនតូចម្នាក់ ភេទប្រុស អាយុជាង២ខែ សព្វថ្ងៃស្នាក់នៅក្នុងចម្ការកៅស៊ូ នៅភូមិអូរតាវៅ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវៅ បានទទួលព័ត៌មានថា មានជនរងគ្រោះពីរនាក់ប្តីប្រពន្ធ បានបបួលគ្នាផឹកថ្នាំពុល ជាថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ នៅចំណុចចម្ការរបស់ឈ្មោះស្រី ម៉ន ស្ថិតនៅក្នុងភូមិអូរតាវៅ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ហើយត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវៅ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងបានពិនិត្យ ស្រាវជ្រាវឃើញថា ពិតជាមានករណីផឹកថ្នាំពុលទឹកខៀវប្រាកដមែន។

ក្រោយធ្វើការសាកសួរ ទើបដឹងរឿងហេតុថា ដំបូងឡើយបុរសជាប្តី បានផឹកស្រាស្រវឹង ស្របពេលនោះ ឪពុកម្តាយខាងប្រពន្ធ ដែលរស់នៅខេត្តស្វាយរៀង បានទូរស័ព្ទមកប្រាប់ឱ្យប្រញាប់នាំប្រពន្ធទៅស្រុកកំណើត ព្រោះរាល់ថ្ងៃនាងមានសុខភាពមិនល្អសោះ ឧស្សាហ៍ឈឺមិនឈប់។ ស្រាប់តែបុរសជាប្តី នឹកភ័យស្មានថា ឪពុកម្តាយក្មេក ចង់បំបែកប្រពន្ធពីខ្លួន ទើបមកពិភាក្សាគ្នាជាមួយប្រពន្ធ រួចបបួលគ្នាផឹកថ្នាំពុល (ថ្នាំទឹកខៀវ) តែម្តង បណ្តាលឱ្យពុលទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យ ស្ត្រីជាប្រពន្ធក៏បានដាច់ខ្យល់ស្លាប់ទៅ ចំណែកបុរសជាប្តី កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ មិនទាន់ដឹងថា ស្ថានភាពនឹងប្រែប្រួលទៅជាបែបណានោះទេ ដោយសារថ្នាំពុលប្រភេទនេះ មានជាតិពុលខ្លាំងណាស់៕

RELATED ARTICLES