ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាម ជាបុគ្គលិការស៊ីណូម្នាក់ កំពុងដេកលង់លក់សុខៗ ក៏ស្រាប់តែកើតមានអាការត្រដរខ្យល់ ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងយប់ដល់បុគ្គលិកកាស៊ីណូ រាយការណ៍ទៅរដ្ឋបាលក្រុមហ៊ុនប្រញាប់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដែរ ប៉ុន្តែជាអកុសល ហួសពេលទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា បុរសខាងលើមានឈ្មោះជីន វ៉ាន់ទៀន (TRINH VAN TIEN) អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខ C 9844049 មានលំនៅខេត្តអានយ៉ាង ប្រទេសវៀតណាម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត បានទទួលព័ត៌មានពីឈ្មោះអ៊ុក សុខឃាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែករដ្ឋបាលក្រុមហ៊ុនកាស៊ីណូ ម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានរាយការណ៍មកសមត្ថកិច្ចថា មានបុគ្គលិកក្រុមហ៊ុនម្នាក់ បានស្លាប់ ពេលបញ្ជូនយកទៅព្យាបាលទៅមន្ទីរពេទ្យ ឯកជន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលក្រុង និងនគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាល រួមជាមួយគ្រូពេទ្យផង បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យសព។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យពិនិត្យនិងធ្វើកោសល្យវិច័យតាមក្រោយបន្តទៀត៕