
ខេត្តក្រចេះ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែត្រូវជនសង្ស័យជាចោរប្លន់ម្នាក់ លបចូលទៅវាយនឹងអង្រែបុកគ្រឿង ចំនួន៥អង្រែ បណ្តាលឱ្យដួលផ្កាប់មុខទៅលើដី បន្ទាប់មកជនសង្ស័យបានចាប់អារកសម្លាប់យ៉ាងឃោរឃៅ បន្ទាប់មកក៏រើកកាយប្លន់យកលុយកាក់ទ្រព្យសម្បត្តិមានតម្លៃអស់គ្មានសល់ និងបានព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្លន់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអង្គ្រង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា។ លុះមកដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថ ក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចអូរថ្មី ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូណ៌។

ជនសង្ស័យជាឃាតករដែលធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីចំណាស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្តបុរី។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះវេង ភា អាយុ៥១ឆ្នាំ មានលំនៅភូមិអង្គ្រង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា (ផ្ទះកើតហេតុខាងលើ)។

តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា កម្លាំងអាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាលោកសាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកឡុង យឹង មេបញ្ជាការរង ទទួលការងារព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) អារកជនរងគ្រោះ នៅខេត្តមណ្ឌលគិរី។
ប្រភពដដែល បន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសិទ្ធ ធាន ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) ទៅលើជនរងគ្រោះឈ្មោះ វេង ភា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិអង្គ្រង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ក្រោយពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ ប្លន់ទ្រព្យសម្បត្តិលុយកាក់របស់ស្ត្រីរងគ្រោះខាងលើប្រាកដមែន។
ជនសង្ស័យជាឃាតករ បានបន្តសារភាពថា មុនពេលកើតហេតុ រូបគេបានលបចូលផ្ទះស្ត្រីរងគ្រោះ រួចបានយកអង្រែបុកគ្រឿង វាយក្បាលជនរងគ្រោះ ពីក្រោយ ចំនួន ៥អង្រែ ទើបជនរងគ្រោះដួលទៅលើដី ភ្លាមនោះរូបគេក៏បានស្ទុះទៅជាន់ពីលើខ្នងជនរងគ្រោះ និងបានចាប់បោចសក់ រួចយកកាំបិតអារកជនរងគ្រោះ ត្រង់ក្រោមត្រចៀក បណ្តាលឱ្យដាច់ហូរឈាម ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់មកទៀត រូបគេក៏បានដោះយកគ្រឿងអលង្ការ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្តង។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង កាបូបលុយ ចំនួន១ លោហធាតុពណ៌លឿង ខ្សែក ចំនួន២ខ្សែ ខ្សែដៃចំនួន ២ខ្សែ ចិញ្ចៀន ចំនួន ២វង់ ប្រាក់ ចំនួន ៦០ម៉ឺនរៀល ១០០បាត និង ៥០០០ដុង។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ បណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕