ខេត្តតាកែវ ៖ ជនសង្ស័យអគតិម្នាក់ បានធ្វើសកម្មភាពលបចូលទៅក្នុងទ្រុងសត្វប្រើស ក្នុងបរិវេណសួនសត្វភ្នំតាម៉ៅ រួចប្រើកាំបិតកាប់សម្លាប់ កាត់ក្បាលសត្វប្រើស ១ក្បាល និងបានពន្លះយកសាច់ភ្លៅមុខ និងភ្លៅក្រោយ ទៅលក់ បានប្រាក់ ដើរស៊ីចាយអស់ រហូតដល់ ១ខែ ក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មកម៉្លេះ នៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ច ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី។

ជនសង្ស័យដែលធ្វើសកម្មភាពលួចសម្លាប់សត្វប្រើសភ្នំតាម៉ៅ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់សម្លាប់សត្វប្រើស ចំនួន ១ ក្បាល (ឈ្មោល) ដែលមានជំងឺបាក់ជើងក្រោយ ចំហៀងខាងស្តាំ ដើរមិនរួច នៅក្នុងទ្រុងលួសសំណាញ់ រួចកាត់យកភ្លៅប្រើស ចំនួន៣ភ្លៅ (ភ្លៅខាងមុខ១គូ និងភ្លៅក្រោយខាងឆ្វេង ចំនួន១) ព្រមទាំងកាត់ក្បាល (មានស្នែងជាប់ក្បាលផង) យកទៅបាត់។

ក្រោយកើតមានករណីខាងលើ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយយកចិត្តដុកដាក់។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះធឹម រ៉ាវី នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី រួចក៏នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើស កាត់យកភ្លៅមុខ ចំនួន២ ភ្លៅក្រោយ ចំនួន១ និងកាត់ក្បាល យកស្នែងមកលក់ប្រាកដមែន ដោយរូបគេបានលក់ទៅឱ្យឈ្មោះញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ក្នុងនោះលក់សាច់បាន ១គីឡូ ៣ម៉ឺនរៀល រីឯស្នែង លក់បាន១០០ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ។
ពេលនោះ កម្លាំងជំនាញបានដកហូតស្នែងប្រើស ពីឈ្មោះ ញឹម យូហេង ហៅចក់ និង បានប្រគល់ស្នែងប្រើសឱ្យទៅប្រធានសួនសត្វភ្នំតាម៉ៅ វិញរួចរាល់ហើយ។ ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕