ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យ៥៤ឆ្នាំម្នាក់ ឃើញក្រមុំម្នាក់ ដើរកាត់មុខផ្ទះរបស់ខ្លួន ក៏បែកគំនិតចាប់អូសដៃចូលទៅក្នុងផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកំរោល ចៃដន្យមានអ្នកជិតខាងមកឃើញ ធ្វើឱ្យជនសង្ស័យភ័យឆោឡោ លើកខោរត់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលារសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដូត ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ន.ត អាយុ១៥ឆ្នាំ រស់នៅភូមិជាមួយគ្នា ជាមនុស្សមានសតិមិនប្រក្រតី។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះដូត ពៅ ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់ ដែលជាមនុស្សមានសតិមិនល្អ។

លោកអធិការ បានបន្តថា តាមការរៀបរាប់បំភ្លឺពីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នាងបាននាំក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នា ទៅបេះផ្លែត្របែក នៅខាងជើងផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យ ឃើញនាងដើរតាមផ្លូវ កាត់មុខផ្ទះ ក៏ចាប់ដៃនាងទាញចូលទៅក្នុងផ្ទះ បន្ទាប់បានធ្វើសកម្មភាពរំលោភនាងតែម្តង។ ប៉ុន្តែនៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពនោះ ក៏មានអ្នកជិតខាង បានដើរចូលទៅក្នុងផ្ទះ ឃើញជនសង្ស័យកំពុងតែនៅពោបពីលើខ្លួននាង ភ្លាមនោះគាត់ក៏បានស្រែកឆោឡោ ទើបជនសង្ស័យភ័យ ក៏ក្រោកលើកខោរត់ចេញតែម្តង។

លោកអធិការ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យទីតាំងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះដូត ពៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសម្មភាពចាប់ក្មេងស្រីរងគ្រោះ ទាញចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈប្រាកដមែន តែមិនបានសម្រេចទេ ដោយសារមានអ្នកភូមិមកទាន់ ទើបខ្លួនស្លន់ស្លោ ក៏លោកខោរត់តែម្តង ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់៕