Saturday, May 3, 2025
Homeសន្ដិសុខសង្គមបំបែកសម្បុកចោរធាក់ប្លន់ម៉ូតូ វ៉ៃខ្នោះប្រុសស្រី១១នាក់

បំបែកសម្បុកចោរធាក់ប្លន់ម៉ូតូ វ៉ៃខ្នោះប្រុសស្រី១១នាក់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីសរុបចំនួន ១១នាក់ ដែលជាមុខសញ្ញាក្រុមចោរធាក់ប្លន់ម៉ូតូ យ៉ាងសកម្ម ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ ធ្វើការបង្ក្រាប ដោយចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូចំនួន ៥គ្រឿង។

ប្រតិបត្តិការបង្ក្រាបសម្បុកក្រុមចោរធាក់ប្លន់ម៉ូតូខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះ-ឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ១១នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះយឿន សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី២-ឈ្មោះពយ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះយន រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ទី៤-ឈ្មោះយឹម ភី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ទី៥-ឈ្មោះយើរ សាលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ទី៦-ឈ្មោះឯ ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ទី៧-ឈ្មោះអ៊ឹម រ៉ងហ្វារិក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ទី៨-ឈ្មោះពៅ ដាលីន ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទី៩-ឈ្មោះសុត លក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ទី១០-ឈ្មោះហាន់ ស្រីសរ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និង១១-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យប្រុសស្រីទាំង ១១នាក់ខាងលើនេះ គឺសុទ្ធសឹងជាមុខសញ្ញាធ្វើសកម្មភាពដោយប្រើជើងធាក់ប្លន់ម៉ូតូ យ៉ាងសកម្ម នាពេលកន្លងមក។ ជាក់ស្តែង ក្រុមនេះ បានធ្វើសកម្មភាពចុងក្រោយ ដោយធាក់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះហឿន ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកឡានដឹកដែកសំណង់ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ក្នុងនោះសមត្ថកិច្ចក៏ធ្វើការដកហូតបានម៉ូតូ ៥គ្រឿងផងដែរ ដែលរួមមាន ៖ ទី១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ និងបានប្រគល់ឱ្យជនរងគ្រោះវិញរួចរាល់ហើយ។ ទី២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IK-9603។ ទី៣-ម៉ូតូម៉ាក និច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1lB-4228។ ទី៤-ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GY-5896 និងទី៥-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ចាម 1D-8368។

ក្រុមជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES