Saturday, May 3, 2025
Homeសន្ដិសុខសង្គមព្រួតវ៉ៃសម្លាប់ក្នុងវង់រាំ ជាប់ខ្នោះ២នាក់

ព្រួតវ៉ៃសម្លាប់ក្នុងវង់រាំ ជាប់ខ្នោះ២នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងជាជនដៃដល់ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពព្រួតវាយទៅលើយុវជនម្នាក់ បណ្តាលឱ្យផុងលលាដ៍ក្បាល ស្លាប់យ៉ាងអាណោច អាធ័ម នៅក្នុងវង់រាំធុងបាស់ ១កន្លែង ក្នុងបរិវេណវត្ត នាឱកាសពិធីបុណ្យមាឃបូជា កន្លងទៅ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណវត្តអញ្ចាញ ស្ថិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។ លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ យុវជនរងគ្រោះ ក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា ជនរងគ្រោះដែលត្រូវជនសង្ស័យព្រួតវ៉ៃសម្លាប់ មានឈ្មោះជា សារៈ ហៅប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ មានឪពុកឈ្មោះជា សារ៉ែន អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ ឡេង សុភា អាយុ៣៧ឆ្នាំ និងមានលំនៅក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។

លោកអធិការ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវត្តអញ្ចាញ ស្ថិតភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី មានពិធីបុណ្យមាឃបូជា និងបួសនាគ និងការការសម្តែងល្ខោនបាសាក់ ព្រមទាំងរាំធុងបាស់នៅពេលរាត្រីទៀតផង ស្រាប់តែពេលកំពុងមានការជួបជុំរាំលេងសប្បាយ ក៏មានក្មេងស្ទាវ ២ក្រុម បានវាយតប់គ្នា បណ្តាលឱ្យរបួសយុវជនរងគ្រោះឈ្មោះជា សារៈ ហៅប៉ាវ យ៉ាងធ្ងន់ (របួសបែកក្បាលផ្នែកខាងក្រោយ ដោយសារខ្សែក្រវ៉ាត់ បណ្តាលឱ្យបែកហូរឈាម)។ ហើយភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ រួចក៏នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្មេងស្ទាវ ២ក្រុម មកសាកសួរ តាមចម្លើយសារភាព មាន២នាក់ ជាជនដៃដល់ ក្នុងនោះម្នាក់ឈ្មោះឌុច រ៉ាវីន ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះឃួន សំណាង ហៅញ៉ាញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។ ចំណែកអ្នកដែលមិនពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រីឯជនដៃដល់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកអធិការ បានបញ្ជាក់ឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះជា សារៈ ហៅប៉ាវ ក្រោយពីរងរបួសបែកក្បាល ហូរឈាមហើយ ក្រោយនាំមកចង្អុលមុខជនដៃដល់ហើយ ក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តបន្ទាយមានជ័យ។ ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ខ្លាំង (ឈាមកកក្នុងខួរក្បាល) ទើបត្រូវបានបញ្ជូនបន្តទៅមន្ទីពេទ្យខេត្តសៀមរាប តែអកុសល ជនរងគ្រោះក៏បានស្លាប់យ៉ាងអាណោចអាធ័ម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ព្រមទាំងដាក់ពាក្យបណ្តឹង ស្នើឱ្យសមត្ថកិច្ច និង តុលាការជួយចាត់ការទៅតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះក្រុមជនដៃដល់ដែលបានវាយសម្លាប់កូនប្រុសរបស់ខ្លួន៕

RELATED ARTICLES