ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញពីផ្ទះ សំដៅទៅកន្លែងធ្វើការទាំងព្រឹកព្រលឹម ស្រាប់តែជួបគ្រោះអកុសល ជិះម៉ូតូបុកជាមួយរថយន្តទំនើប ១គ្រឿង យ៉ាងពេញទំហឹង នៅចំណុចផ្លូវបំបែកជា៤ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចំណែកភាគីរថយន្ត ព្យាយាមបើករត់គេច តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋតាមឃាត់បាន ដើម្បីដោះស្រាយគ្នាតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ផ្លូវបំបែកជាបួន ម្តុំផ្សារក្រមួន តាមបណ្តោយផ្លូវ១០០៧ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក MG ១គ្រឿង





ពាក់ស្លាកលេខ ភ្នំពេញ 2BO-8235 បានធ្វើដំណើរតាមបណ្តោយផ្លូវ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ម្តុំផ្សារក្រមួន ផ្លូវបំបែកជាបួន ក៏មានយុវជនម្នាក់ ជិះម៉ូតូម៉ាក QBIX ពាក់ស្លាកលេខ ភ្នំពេញ 1HW-0787 ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ក៏បានបុកគ្នាពេញមួយទំហឹង (ដោយម៉ូតូបុកចំចំហៀង ខាងស្តាំរថយន្ត) បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែករថយន្ត ឃើញបែបនេះ មិនបានឈប់ដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើកគេច ប៉ុន្តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋ តាមឃាត់រថយន្តខាងលើមកវិញបានទាន់ពេលវេលា។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍រាជធានី បានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕