Friday, May 2, 2025
Homeសន្ដិសុខសង្គមជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលឡាន កិនស្លាប់

ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលឡាន កិនស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង តែម្នាក់ឯងសុខៗ ស្រាប់តែមានសត្វឆ្កែ ១ក្បាល រត់ឆ្លងកាត់ ទើបធ្វើចាប់ហ្វ្រាំង គេចចង្កូតមិនទាន់ ក៏ជ្រុលបុកពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ និងខ្ទាតជនរងគ្រោះទៅលើផ្លូវជាតិ ស្របពេលនោះ ក៏មានរថយន្ត ១គ្រឿង បើកមកដល់ ក៏ជ្រុលកិនជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបររថយន្តបង្កហេតុ  បានបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៨-៨៩ ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-9603 ធ្វើដំណើរក្នុងទិសដៅពីខាងកើត ទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកឆ្កែ បណ្តាលឱ្យដួលខ្ទាតទៅលើផ្លូវជាតិ។ ស្របពេលដែលជនរងគ្រោះដួលនៅលើផ្លូវ ក៏ស្រាប់តែមានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក មកដល់ រួចក៏បានជ្រុលកិនពីលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយរថយន្តនោះ បើកគេចទៅទិសខាងកើតបាត់ ដោយបន្សល់ទុកសពជនរងគ្រោះនៅនឹងកន្លែង។

បន្ទាប់ពីធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចដឹងអត្តសញ្ញាណជនរងគ្រោះ មានឈ្មោះហោ ចាន់ថូវ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិស្ទឹងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានលើកសពយកមកទុកនៅលើចិញ្ចើមផ្លូវ រង់ចាំស្រាវជ្រាវរកសាច់ញាតិ រហូតដល់ម៉ោង ៩ព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ជូនសាច់ញាតិនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES