ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន យកមកបង្ហាញមុខ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ ដើម្បីប្រើប្រាស់ ឆបោកប្រាក់ពីជនរងគ្រោះ ជាង២លានដុល្លារ ក្នុងសកម្មភាពឆបោក ចំនួន ៤ករណី នៅអំឡុងចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ទាំង ៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាប ចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងរាជធានី ភ្នំពេញ និងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ,២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនោះក៏បានដកហូតវត្ថុ តាង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្លែងក្លាយ ចំនួន ១១សន្លឹក សៀវភៅគ្រួសារក្លែងក្លាយ ១ ក្បាល សៀវភៅស្នាក់នៅ ១សន្លឹក សៀវភៅមូលប្បទានបត្រ ១ក្បាល និងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ ២សន្លឹក ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា កម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ បានសម្រេច នៅពេលនេះ ក្រោយពីជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាផ្ទាល់ទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ ស៊ើបអង្កេតលើសំណុំរឿងនេះ និងឈាន ទៅបង្ក្រាប ចាប់ខ្លួនជនសង្ស័យ ចំនួន ៧នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ១- ឈ្មោះ វ៉ាន់ សុវត្ថិ ឌី ហៅ ជៀប ជូពីដារី ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរគួកជេដី ស្នាក់នៅក្នុងបុរីលឹម ឈាងហាក់ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២- លាស់ យូ ហៅបូ វណ្ណៈ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ទិញ-លក់គោ ស្នាក់នៅផ្ទះជួល ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣- ងេត បាញ ហៅ យម អេង ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ ៤- ជុំ ភាព ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាភ្ញាក់ងារផ្តល់សេវាប្រាក់កម្ចីអចលទ្រព្យ រស់នៅក្នុងភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៥-កង ស៊ី ណាត ហៅសំណាង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរគួកជេដី រស់នៅផ្ទះជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ៦-កង ចាន់ធឿ ន ហៅម៉ៅ ឌឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ រស់នៅបន្ទប់ជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និង៧-ហេង សម្ភស្ស ហៅយូ ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិកណ្តាល ក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែល បានបន្តថា ជនសង្ស័យបានគប់គិតតទៅធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយធ្វើប្លង់ដីក្លែងក្លាយ ដើម្បីទៅឆបោក ខ្ចីប្រាក់ពីជនរងគ្រោះ ឈ្មោះកាំង ណៃយូរ ភេទស្រី អាយុ៣៩ឆ្នាំ ចំនួន ៥០ម៉ឺនដុល្លារ ប៉ុន្តែនៅខណៈនោះ កម្លាំងសមត្ថកិច្ច ក៏បានចាប់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់មកក៏ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ទៀត។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹងបន្តទៀតថា ជនសង្ស័យ បានធ្វើប្លង់ដីក្លែងក្លាយ ដោយយកប្លង់ដីរបស់អ្នកដទៃ យកមកធ្វើប្លង់ដីផ្ទាល់ខ្លួន កាត់តភ្ជាប់រូបថតរបស់ខ្លួន សកម្មភាពនេះបានឆបោកចំនួន ៤ករណី ៖ ករណីទី១- ឆបោកបានប្រាក់ ៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ ករណីទី២- ឆបោកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ករណីទី៣- ឆបោកប្រាក់ ៨០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ករណីទី៤- ឆបោកប្រាក់ ៤០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
ជនសង្ស័យទាំង៧នាក់ ក្រោយពីសមត្ថកិច្ច បានសាកសួររួចហើយ នៅរសៀលថ្ងៃដដែល ត្រូវ បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕