ភ្នំពេញ ៖ បុរសម្នាក់ មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនអាយអឹមអេស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានបត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣០ម៉ឺនដុល្លារ។

បុរសដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះពាង ម៉ាន់ អាយុ៤៥ឆ្នាំ មុខរបរជានាយកប្រតិបត្តិក្រុមហ៊ុនអាយអឹមអេសគ្រុប មានអាសយដ្ឋាន ផ្ទះលេខ 2AE ផ្លូវលេខ 29cc ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ថា ការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួន បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ បាន និងប្រតិបត្តិការទូទាត់ប្រាក់។
ជនសង្ស័យខាងលើ កំពុងស្ថិតនៅដំណាក់ការចៅក្រមស៊ើបសួរ បន្តការសាកសួរនៅឡើយ៕