Friday, May 2, 2025
Homeសន្ដិសុខសង្គមផឹកស្រវឹង បើកឡានបុករះខ្ទេច

ផឹកស្រវឹង បើកឡានបុករះខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងជោក បានបើករថយន្តកាមរីបាឡែន ១គ្រឿង លឿនដូចហោះ មកដល់ផ្លូវកោង មិនបន្ថយល្បឿន បណ្តាលឱ្យរថយន្តរេចង្កូតឡើងខឿនសួនពុះចែកផ្លូវ ធ្លាក់មកវិញ រេចង្កូតបុករះចូលឃ្លាំងលក់រថយន្ត តូបលក់កាហ្វេ និងបង្គោលភ្លើង បណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ6A ភូមិឃ្លាំងសាំង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

រថយន្តបង្កហេតុ ម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1403 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងរួមដំណើរចំនួន ៣នាក់ ក្នុងស្ថានភាពស្រវឹង។

តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តមួយគ្រឿងខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ដោយតែជាបុរសសរុបចំនួន ៤នាក់ ក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ

ផ្លូវមានស្ថានភាពកោង រថយន្តបង្កបានរេចង្កូតឡើងខឿនសួនច្បារពុះចែកផ្លូវ ហើយងាកចង្កូតមកខាងស្តាំ បន្តទៅបុរះដើមលឿងរាជ មួយដើម និងស្លាកយីហោ ជាង ហេង ឯកទេសតភ្លើងរថយន្ត បណ្តាលឱ្យបាក់ខូចខាតទាំងស្រុង និងបន្តទៅបុកផ្ទប់បង្គោលភ្លើងថ្ម បណ្តាលឱ្យបាក់ជា២កំណាត់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅផ្ទប់តូបលក់កាហ្វេ បណ្តាលឱ្យខូចទាំងស្រុង និងបណ្តាលឱ្យរថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់ទាំងស្រុង ចំណែកអ្នកនៅខាងក្នុងរថយន្ត រងរបួសស្រាល។ បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្ត បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចេញដោះស្រាយសងការខូចខាតនៅពេលក្រោយ៕

RELATED ARTICLES